សាលាមេត្រីបរិស្ថានជាថ្នាលចូលរួមបណ្តុះបណ្តាល ឱ្យស្រឡាញ់បរិស្ថាននិងជំរុញប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងសហគមន៍

រាជធានីភ្នំពេញ៖«សាលាមេត្រីបរិស្ថានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមធ្វើឱ្យការគ្រប់គ្រងអនាម័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិនៅតាមសហគមន៍កាន់តែមានប្រសិទ្ធភាពតាមរយៈការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងសហគមន៍»។ នេះគឺជាការបញ្ជាក់ពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ។
ថ្លែងក្នុង ពិធី ប្រគល់បណ្ណជ័យលាភីសាលាមេត្រីបរិស្ថាន ជូនវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ ឯកឧត្តម នេត្រ ភក្ត្រាបានបង្ហាញជំនឿថាការប្រតិបត្តិមេត្រីបរិស្ថាននៅតាមសហគមន៍នឹងធ្វើឱ្យសហគមន៍មានអនាម័យ និង សោភ័ណភាពល្អ និងមានបរិស្ថានល្អ ស្របតាមគោលនយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ចលនាប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន មិនត្រឹមតែជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រែក្លាយចំណេះដឹងអំពីបរិស្ថានទៅជាប្រតិបត្តិមេត្រីភាពបរិស្ថាននៅក្នុងសាលារៀនប៉ុណ្ណោះទេ តែថែមទាំងជំរុញឱ្យមានការអនុវត្តនៅក្នុងសហគមន៍ថែមទៀតផងដែរ ដោយចាំបាច់ត្រូវមានការចូលរួមពីអាណាព្យាបាលសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងសហគមន៍ស្របតាមលក្ខខណ្ឌវិនិច្ឆ័យ ៤ ចំណុចនៃសាលាមេត្រីបរិស្ថាន។ អនុលោមតាមក្របខណ្ឌការងារអាស៊ាន ស្តីពីសាលាមេត្រីបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំយុវជននិងកីឡាបានរៀបចំឱ្យមានការណែនាំដោយផ្តោតលើលក្ខណៈវិនិច្ឆ័យ ចំនួន០៤ រួមមាន៖ (១)មានគោលការណ៍ និងរដ្ឋបាលរបស់សាលាលើការងារបរិស្ថាន (២) មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថាន (៣) មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការប្រតិបត្តិបរិស្ថាន (៤) មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍ និងមានសូចនាករវាស់វែងចំនួន១៨។
នៅចំពោះមុខអាជ្ញាធរខេត្ត មន្ទីរជំនាញ និងលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃចលនាប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន ដែលជាកិច្ចសហការរវាង ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជននិងកីឡាដោយថ្លែងថា៖«សាលាមេត្រីបរិស្ថានបានចូលរួមកសាង ធនធានមនុស្សមេត្រីបរិស្ថាន និងដើម្បីត្រៀមខ្លួនឱ្យស័ក្តិសមនឹងឋានៈប្រទេសកម្ពុជាដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលចាំបាច់ពលរដ្ឋ ត្រូវមានចំណេះដឹងខ្ពស់បន្ថែមទៀតលើវិស័យបរិស្ថាន និងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានយ៉ាងសកម្ម។ សាលារៀនបានដើរតួនាទីយ៉ាងសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស»។ ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ក្នុងនាមក្រសួងបរិស្ថាន សូមថ្លែងអំណរគុណក្រសួងអប់រំ យុវ ជន និងកីឡា អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងចលនាប្រឡងប្រណាំងសាលាមេត្រីបរិស្ថាននេះ។
បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា កម្មវិធីសាលាមេត្រីបរិស្ថាននេះត្រូវបានចាប់ផ្តើមអនុវត្តចាប់តាំងពីឆ្នាំ២០១៦មក ដោយមានសកម្មភាពបណ្តុះបណ្តាល ផ្សព្វផ្សាយ និងការរៀបចំកម្មវិធីប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិនៅរៀងរាល់០២ឆ្នាំម្តង ហើយគិតមកទល់បច្ចុប្បន្នក្រសួងបានរៀបចំការប្រឡងប្រណាំងនេះបានចំនួន០៣លើករួចមកហើយ។ ឆ្នាំ២០២១នេះមានសាលាចំនួន៤៨ បានដាក់ពាក្យចូលរួម ហើយបន្ទាប់ពីវាយតម្លៃ មានសាលាចំនួន០៦ទៀត បានជាប់ចំណាត់ថ្នាក់ជាសាលាមេត្រីបរិស្ថានជាតិលើកទី៣ រួមមាន៖ សាលាបឋមសិក្សាចំនួន ៣ រួមមាន ១) សាលាបឋមសិក្សាវត្តចែង ភូមិវត្តចែង សង្កាត់អូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាប់ជ័យលាភីមាស ២)សាលាបឋមសិក្សា ហ៊ុន សែនក្រុងភូមិក្រវ៉ាន់ ឃុំនគរធំ ស្រុកសៀមរាប ខេត្តសៀមរាបជាប់ជ័យលាភីប្រាក់ ៣) សាលាបឋមសិក្សាឈើខ្លឹមភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំជាប់ជ័យលាភីសំរិទ្ធ។ វិទ្យាល័យចំនួន ៣ រួមមាន៖ ១)វិទ្យាល័យ ហ៊ុន សែន មិត្តភាពភូមិ ៥ សង្កាត់ ៤ ខណ្ឌព្រះសីហនុ ក្រុងព្រះសីហនុ ជាប់ជ័យលាភីកមាស ២)វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ជាប់ជ័យលាភីប្រាក់ ៣) វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តពំពង់ឆ្នាំង ជាប់ជ័យលាភីសំរិទ្ធ។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានចាត់ទុកថាការផ្តល់នូវជ័យលាភីសាលាមេត្រីបរិស្ថាន ក្នុងថ្ងៃនេះ គឺជាការលើកទឹកចិត្ត ដល់បុគ្គលិកសិក្សាក៏ដូចជាគ្រូបង្រៀន ដើម្បីឲ្យបន្តនៅក្នុងការខិតខំប្រឹងប្រែងរៀបចំសាលារៀនឲ្យមានមេត្រីភាពបរិស្ថាន និងការគិតគូរលើកកម្ពស់សុខភាពដល់សិស្សានុសិស្សប្រជាសហគមន៍ ដែលជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងពេលនេះដែរ លោកប្រធានមន្ទីក៏បានថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់របស់ ក្រសួងបរិស្ថាន ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ដែលបានបង្កើតឲ្យមានគោលការណ៍សាលាមេត្រីបរិស្ថាន ដើម្បីធ្វើអោយសាលារៀនស្អាត មានអនាម័យ និងមានការគិតគូរខ្ពស់ចំពោះកិច្ចគាំពារបរិស្ថាន ក៏ដូចជាការគ្រប់គ្រងធនធានធម្មជាតិផងដែរ។ ចំណែកលោកនាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេក
ទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានធ្វើការប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយអំពីចលនាមេត្រីភាពបរិស្ថាននេះទៅដល់សាលារៀន ផ្សេងៗទៀត ក៏ដូចជាសហគមន៍ ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការរៀបចំឲ្យសាលារៀនស្អាត មានអនាម័យ សម្រាប់ទីតាំងផ្សេងៗទៀត ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹងនិងចំណេះធ្វើក្នុងចំណោមកុមារសិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូទម្លាប់ ផ្នត់គំនិត និងឥរិយាបទរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន៕ ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner