សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Wang Yi នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ប្រទេសចិន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងរដ្ឋមន្រ្តីការបរទេសចិន ឯកឧត្តម Wang Yi នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រទេសចិន បានផ្តល់ជំនួយក្នុងការសាងសង់។ ពិធីនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសដែល ឯកឧត្តម Wang Yi អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នឋថ្ងៃទី១២-១៣ កញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ។
អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់នៅថ្ងៃទី៨ កញ្ញា ថា ការផ្ដល់កិត្តិយសចូលរួមសម្ពោធពហុកីឡដ្ឋានមរតកតេជោ ពីសំណាក់ឯកឧត្តម វ៉ាង យី ដែលជាមន្ត្រីដ៏មានឥទ្ធិពលខ្លាំងរបស់ចិននេះ នឹងធ្វើឲ្យពហុកីឡដ្ឋានមរតកតេជោ កាន់តែល្បីខ្ទរខ្ទារ និងកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់ពិភពលោកមកកម្ពុជា បន្ថែមទៀត។
ឯកឧត្តម វ៉ាត់ ចំរើន បានរំលឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់ ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ពហុកីឡដ្ឋានជាតិ មរតកតេជោនេះ តាមគម្រោងត្រូវចំណាយថវិកាសាងសង់ ក្នុងចន្លោះពី ១០០ ទៅ ២០០លានដុល្លារជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយសាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា មានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ ៕ ដោយវណ្ណលុក