លោក ឌី រ័ត្នខេមរុណ ដឹកនាំចុះរៀបចំសណ្តាប់ធ្នាប់ ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ
ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ នៅរសៀលថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២១ ។
ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់នេះគឺរដ្ឋបាលខណ្ឌមានជ័យ និងធ្វើឡើងជាប្រចាំ ដើម្បីឲ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៍ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានបន្តទៀតដែរថា មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសអាចកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍បានទៀតផង និង ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយអំពីច្បាប់ និង ផលប៉ះពាល់ នានាដែលបណ្ដាលមកពីការមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ។
ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បានសង្កត់ធ្ងន់ថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ គឺសំដៅទៅលើ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខណ្ឌ និងត្រូវ ធានាអោយបានលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការកកស្ទះចរាចរ និង សុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ៕ ដោយ / គ្រី សម្បត្តិ