ទីភ្នាក់ងារឱសថអឺរ៉ុប៖ “Mu” ជាវីរុសបំប្លែងខ្លួនថ្មីដ៏មានសក្តានុពលគួរអោយព្រួយបារម្ភខ្លាំង
អឺរ៉ុប៖ ទីភ្នាក់ងារឱសថអឺរ៉ុបបាននិយាយថា វីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីដែលគេស្គាល់ថា “Mu” អាចនឹងបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង បើទោះបីជាមិនទាន់មានទិន្នន័យបង្ហាញនៅឡើយថា វានឹងមានហានិភ័យខ្ពស់ជាងវីរុសបំប្លែងខ្លួន Delta ក៏ដោយនោះ។
វីរុសបំប្លែងខ្លួនថ្មី “Mu” ត្រូវបានគេកំណត់អត្តសញ្ញាណដំបូងនៅប្រទេសកូឡុំប៊ី កាលពីខែមករា ហើយត្រូវបានគេស្គាល់តាមបែបវិទ្យាសាស្រ្តថា B.1.621 ដែលវាត្រូវបានចាត់ថ្នាក់នៅដើមខែនេះថា ជាវីរុសបំប្លែងខ្លួនថ្មីគួរអោយចាប់អារម្មណ៍ដោយអង្គការសុខភាពពិភពលោក (WHO)។ ប្រធានផ្នែកយុទ្ធសាស្រ្តវ៉ាក់សាំងអឺរ៉ុបលោក Marco Cavaleri បានប្រាប់អ្នកសារព័ត៌មានថា ទីភ្នាក់ងារឱសថអឺរ៉ុបដែលកំពុងផ្តោតសំខាន់លើវីរុសបំប្លែងខ្លួន Delta នោះ បានងាកមកតាមដានវីរុសបំប្លែងខ្លួនផ្សេងទៀត ដែលទំនងជាកំពុងឆ្លងរីករាលដាល ដូចជាវីរុស Lambda ដែលត្រូវបានរកឃើញដំបូងនៅប្រទេសប៉េរូ ហើយថ្មីៗនេះគឺវីរុសបំប្លែងខ្លួន “Mu” មួយទៀត។
លោកបន្តថា “Mu” គឺជាវីរុសបំប្លែងខ្លួនដ៏មានសក្តានុពលគួរព្រួយបារម្ភខ្លាំង ដោយសារតែមានលទ្ធភាពខ្ពស់ក្នុងការរត់គេចពីភាពស៊ាំ ឬប្រឆាំងនឹងវ៉ាក់សាំង។ លោក Cavaleri បន្ថែមថា និយតករដែលមានមូលដ្ឋាននៅទីក្រុងអាំស្ទែរដាំ ប្រទេសហូឡង់ ដែលពិនិត្យថ្នាំសម្រាប់សហភាពអឺរ៉ុបចំនួន ២៧ ប្រទេសគ្រោងនឹងពិភាក្សាជាមួយអ្នកអភិវឌ្ឍវ៉ាក់សាំងអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងបច្ចុប្បន្នក្នុងការប្រឆាំងនឹងវីរុសបំប្លែងខ្លួន “Mu”៕ ប្រភព៖ CNA



