ឯកឧត្តម ប៉ាន សូរស័ក្តិ ឡើងការពារសេចក្តីព្រាងច្បាប់ចំនួនបី ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៦ នីតិកាលទី៦

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ ចំនួនបី រួមមាន៖(១) សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(អាសិប)
(២) សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងលោកជំទាវ និន សាផុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាព និងដំណើរការត្រួតពិនិត្យសេចក្តីព្រាងច្បាប់ ទាំងបីខាងលើ ដោយក្នុងនោះគណៈកម្មការទី២ ពិនិត្យទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(អាសិប) និងគណៈកម្មការទី៩ នៃរដ្ឋសភា សហការជាមួយគណៈកម្មការទី៥ ពិនិត្យទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង សេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង ហើយបានគូសបញ្ជាក់ថា ការស្នើសុំអនុម័តលើសេចក្តីព្រាងច្បាប់ទាំងបីនេះ បានបំពេញត្រឹមត្រូវតាមបទបញ្ញត្តិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ។

ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមតំណាងរាជរដ្ឋាភិ-បាលកម្ពុជា បានគោរពរាយការណ៍ជូនអង្គប្រជុំ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ អន្តរក្រសួង-ស្ថាប័ន ដឹកនាំដោយក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តនូវគោលនយោបាយ និងអាណិត្តប្រគល់ជូនដោយរាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាពកម្ពុជា សំដៅបន្តសមាហរណកម្មខ្លួន ចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេសក្រោមផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់ សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល នៃចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងនោះដែល ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីអំពីអត្ថប្រយោជន៍ និងសារៈសំខាន់ នៃសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងជាពិសេស ការចូលរួមសហការគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ក្នុងការសម្រេចបាននូវសមិទ្ធផលទាំងនេះ ដែលជាយន្តការដ៏សំខាន់ ក្នុងការធ្វើពិពិធកម្មទីផ្សារ និងលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្របខ័ណ្ឌតំបន់ ។

អង្គប្រជុំបានសម្តែងការកោតសរសើរ ចំពោះក្រសួងពាណិជ្ជកម្ម និងក្រុមការងារចរចាអន្តរ-ក្រសួង-ស្ថាប័ន ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ដែលបានខិតខំកសាងច្បាប់ និងបទដ្ឋានគតិយុត្ត វិស័យពាណិជ្ជកម្ម សំដៅធ្វើឱ្យប្រសើរឡើងបរិយាកាសធុរកិច្ច និងជាពិសេសការខិតខំប្រឹងប្រែង បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរខាងលើ ប្រកបដោយជោគជ័យស្របតាមអាណត្តិផ្តល់ជូនដោយ ប្រមុខរាជរដ្ឋាភិបាល ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ប៉ាន សូរស័ក្តិ ក្នុងនាមរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គប្រជុំទាំងមូល ដែលបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងបីខាងលើ ហើយឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ច្បាប់ទាំងបីនេះ នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្ត ដល់សង្គមជាតិទាំង
មូល និងជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើង ជាពិសេស នឹងចូលរួមយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ច-សង្គមក្នុងវិបត្តិកូវីដ-១៩ នេះ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនផងដែរថា រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ នឹងប្តេជ្ញាសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក៏ដូចជាវិស័យឯក-ជន ឱ្យបានជិតស្និទ្ធ ដើម្បីជំរុញការអនុវត្ត និងទាញយកប្រយោជន៍ពី កិច្ចព្រមព្រៀងនិងច្បាប់ទាំងបីនេះ ឱ្យបានជាអតិបរិមា និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរ-ដ្ឋ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner