សម្ដេចតេជោ ថ្លែងអំណរគុណចិន ដែលបានផ្ដល់ការគាំទ្រដល់កម្ពុជា តាមរយៈជំនួយគ្រប់រូបភាព ព្រមទាំងជួយសម្រួលដល់ការបញ្ជាទិញវ៉ាក់សាំងផងដែរ
ភ្នំពេញ៖ ថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា» នៅរាជធានីភ្នំពេញ តាមរយៈការថតវីដេអូចាក់ផ្សាយ, នៅព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈ ជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩ សម្ភារបរិក្ខារពេទ្យ និងជាពិសេស ជំនួយវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្របសម្រួលដល់ភាគីកម្ពុជា នៅក្នុងការបញ្ជា ទិញវ៉ាក់សាំងពីប្រទេស ចិនផងដែរ ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏សូមកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាននិងកំពុង ចូលរួមយ៉ាងសកម្ម និងបំពេញតួនាទីឈានមុខ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌសកល តាមរយៈការផលិត និងចែកចាយវ៉ាក់សាំង, ការផ្តល់ជំនួយជាសម្ភារបរិក្ខារពេទ្យ និងការចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់, ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ៕ ដោយវណ្ណលុក