ក្រុមតារាមហាហង្ស ត្រូវចេញដំណើរថ្ងៃសុក្រនេះ ដើម្បីចូលរួមប្រកួតប្រជែង AFF Futsal Cup 2021

ក្រុមម្ចាស់ជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិកម្ពុជា ឆ្នាំ២០២០ តារាមហាហង្ស ដែលជាបេក្ខភាពតំណាងកម្ពុជា សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ក្នុងសាលអាស៊ាន AFF Futsal Cup ឬហៅថា AFF Futsal Club Championship 2021 នៅខេត្ត Nakhon Ratchasima ប្រទេសថៃនឹងត្រូវចេញដំណើរនារសៀលថ្ងៃសុក្រទី១០ ខែកញ្ញា ឆ្នាំ២០២១នេះហើយ ក្រោយពីបញ្ចប់ការហ្វឹកហាត់ត្រៀមខ្លួនរួចរាល់ ។


លោក អ៊ិន សុភិន ប្រធានក្លឹប Mohahang All Stars FC គូសបញ្ជាក់ថា គ្រូបង្វឹក កីឡាករសរុប១៩នាក់ នឹងត្រូវជូបគ្នាជុំគ្នា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង៣រសៀល ហើយវេលាម៉ោង ៦:៣០នាទី នឹងត្រូវចេញដំណើរតាមជើងយន្តហោះសិង្ហបុរី រួចបន្តទៅកាន់ប្រទេសថៃ ដើម្បីចូលរួមការប្រកួតនាថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។ កាលពីល្ងាចម្សិលមិញ ក្រុមកីឡាករ និងថ្នាក់ដឹកនាំក្លិបទទួលបានការលើកទឹកចិត្ត ពីតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) សម្រាប់បេសកកម្ម ក្នុងតំបន់អាស៊ាន ឆ្នាំ២០២១នេះ ។

លោក អ៊ិន សុភិន បន្ថែមថា ទោះបីជាមានការលំបាក ក្នុងបរិបទកូវីដ-១៩នេះក្តី ក៏យើងនៅតែប្តេជ្ញាចិត្តខ្ពស់ ចូលរួមប្រកួតប្រជែងឱ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមកិត្តិយស និងកិត្យានុភាពពីលើកឆាកអន្តរជាតិ ជូនកម្ពុជា ។ លោកបានកញ្ចប់ធានារ៉ាប់រងជូនកីឡាករទាំង១៩នាក់ ដើម្បីបង្ការក្នុងករណីហានិភ័យ ការធ្វើដំណើរ និងក្នុងវិបត្តិកូវីដ-១៩ ដោយក្លិបបានចំណាយថវិការបស់ខ្លួន ជាង៤ម៉ឺនដុល្លារ ។


សូមបញ្ជាក់ថា AFF Futsal Cup ឆ្នាំ២០២១ នៅប្រទេសថៃ បានប្រែប្រួលក្រុមចូលរួម ដោយដំបូងមាន៦ក្រុមចូលរួម ប៉ុន្តែពេលនេះគឺនៅសល់ ៥ក្រុម ក្នុងនោះ៣ក្រុមបានដកខ្លួនចេញ ខណៈ២ក្រុមថ្មីៗត្រូវបានដាក់បញ្ចូលជំនួស ។ ៥ក្រុមនេះ រួមមាន ថៃ២ក្រុម គឺ Free Fire Bluewave Chonburi និង Port FC, ម៉ាឡេស៊ី២ក្រុម គឺ Selangor FC និងPahang Rangers FC និងក្រុមតារាមហាហង្ស (Mohahang All Stars FC) ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner