គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ពង្រឹងការងារសន្តិសុខទាំងថ្ងៃ ទាំងយប់
ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅក្នុងរាជធានីភ្នំពេញនិងលើផ្លូវសាធារណៈ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានចុះអនុវត្តវិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងរឹតបន្តឹងច្បាប់ចរាចរទាំងថ្ងៃ ទាំងយប់ សំដៅធ្វើយ៉ាងណាអោយកិច្ចការងារទាំងអស់នេះកាន់តែមាន ប្រសិទ្ធភាព ។
ជាក់ស្តែងនៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកហ៊ត គឹមនី អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ពង្រឹងច្បាប់ចរាចរណ៍ និងឆែកឆេរ រថយន្តគ្របប្រភេទដែលបើកបរឆ្លងកាត់គោលដៅត្រួតពិនិត្យ នៅលើផ្លូវជាតិលេខ១ ចំនុចមុខផ្លូវចូលវត្តច្បារអំពៅ ។
យុទ្ធនាការពេលថ្ងៃនិងពេលរាត្រីដើម្បីពង្រឹងសន្តិសុខនៅក្នុងមូលដ្ឋានខណ្ឌអោយកាន់តែមានប្រសិទ្ធភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនេះគណៈបញ្ជការឯកភាពខណ្ឌបានធ្វើជាប្រចាំដោយផ្លាស់ប្តូរវេនគ្នាចុះអនុវត្ត នៅតាមគោលដៅដែលបានកំណត់ រួមមានផ្លូវជាតិលេខ១ ផ្លូវលេខ៣៦៩ ផ្លូវព្រែកបារាំ និងផ្លូវទៅកាន់ស្ពានព្រែសំរោង ក្នុងសង្កាត់ព្រែកថ្មី ជាពិសេស តំបន់ស្មុគ្រស្មាញ ៕ សណ្តោស-ប៊ុនធី