អេមីរ៉ាត់អារ៉ាប់រួមប្រកាសរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីដំបូង ខណៈអូស្រ្តាលីក៏ប្រកាសពីចំនួនអ្នកឆ្លងកើនឡើងដល់៦នាក់
អេមីរ៉ាត់អារ៉ាប់រួម៖ ក្រសួងសុខាភិបាលអេមីរ៉ាត់អារ៉ាប់រួម នៅថ្ងៃទី២៨ ខែមករានេះ បានប្រកាសពីការរកឃើញនូវវត្តមានវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងខ្លួនមនុស្សនៃគ្រួសារមួយ ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន របស់ប្រទេសចិន ។
ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលអេមីរ៉ាត់អារ៉ាប់រួមមិនបានការបញ្ជាក់ថា មនុស្សប៉ុន្មាននាក់ក្នុងគ្រួសារនោះ មានផ្ទុកវីរុសឡើយ ប៉ុន្តែអ្នកដែលផ្ទុកវីរុសមានស្ថានភាពសុខភាពនឹងនរធម្មតា ហើយកំពុងស្ថិតក្រោមការតាមដាន ។ ដោយឡែកប្រធានមន្ត្រីសុខាភិបាលរដ្ឋ Victoria លោក Brett Sutton នៅថ្ងៃដដែលនេះ បានទទួលស្គាល់ពីករណីឆ្លងវីរុសកូរ៉ូណាទី២ នៅក្នុងរដ្ឋមួយនេះ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសអូស្រ្តាលី បន្តកើនឡើងដល់៦នាក់ហើយ ។
បើតាមលោក Brett Sutton ករណីឆ្លងវីរុសកូរ៉ូណាទី២ ត្រូវបានគេរកឃើញនៅលើខ្លួនបុរសម្នាក់មានអាយុ៦០ឆ្នាំ និង ជាអ្នករស់នៅក្នុងរដ្ឋ Victoria ។ បុរសរូបនេះបានធ្លាក់ខ្លួនឈឺតាំងតែពីថ្ងៃ២៣ ខែមករាកន្លងទៅ និងកំពុងស្ថិតនៅក្រោមការព្យាបាលនៅដាច់ឆ្ងាយពីគេឯង ខណៈក្រុមគ្រួសាររបស់លោកកំពុងស្ថិតនៅក្រោមការតាមដានផងដែរ ៕ធ.ដ