កងកម្លាំងអាមេរិករកឃើញសាកសពបុគ្គលិកយោធាអាមេរិកពីរនាក់ដែលស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅអាហ្វហ្គានីស្ថាន
អាហ្វហ្គានីស្ថាន៖ កងកម្លាំងអាមេរិកនៅថ្ងៃទី២៨ ខែមករាបានបញ្ជាក់ថា ពលទាហានអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានរកឃើញសាកសពបុគ្គលិកយោធាអាមេរិកពីរនាក់ដែលបានបាត់បង់ជីវិត នៅពេលយន្តហោះយោធារបស់ពួកគេធ្លាក់នៅអាហ្វហ្គានីស្ថាន ។
យន្ដហោះដែលជួយកងទ័ពក្នុងការប្រាស្រ័យទាក់ទង និង ចែករំលែកព័ត៌មានសម្ងាត់នៅសមរភូមិនោះ បានធ្លាក់ចុះនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមតាលីបង់ នៃខេត្ត Ghazni ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៧ ខែមករានេះ ។
ស្នងការប៉ូលិសខេត្ត Ghazni លោក Khaled Wardek បាននិយាយថា កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានជួយកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃ អង្គារ ម្សិលមិញ នៅពេលដែលពួកគេទៅយកអដ្ឋិធាតុពីកន្លែងយន្តហោះធុន E-11A ធ្លាក់ ។
ទន្ទឹមនេះ មន្ត្រីយោធាអាមេរិកបាននិយាយថា គ្មានការចង្អុលបង្ហាញថា យន្ដហោះនេះធ្លាក់ដោយសារសត្រូវបាញ់នោះទេ គឺផ្ទុយពីការអះអាងរបស់ក្រុមតាលីបង់ដែលថា ពួកគេបានបាញ់ទម្លាក់យន្ដហោះនោះ ៕ធ.ដ