ប្រធានមន្ទីរពេទ្យរុស្ស៉ី សូមប្រកាសថា មិនមានករណីអ្នកជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី នៅក្នុងមន្ទីរពេទ្យនោះទេ
ភ្នំពេញ៖ ប្រធានមន្ទីរពេទ្យរុស្ស៉ី និងលោកអភិបាលខណ្ឌបឹងកេងកង បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅវេលាថ្ងៃត្រង់ ទី២៩ ខែមករា ឆ្នាំ២០២០នេះថា មិនមានករណីអ្នកជំងឺកូរ៉ូណា នៅក្នុងមន្ទីរពេទ្យនោះទេ ពោលគឺមិនដូចពាក្យចចាមអារ៉ាមផ្សាយតាមបណ្តាញសង្គមនោះឡើយ។ ប្រធានមន្ទីរពេទ្យ បានថ្លែងបដិសេធព័ត៌មានបំផ្លើសការពិត ដែលផ្សាយតាមបណ្តាញសង្គមនានា កាលពីព្រឹកមិញនេះ។
ជាមួយនោះដែរ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ឱ្យដឹងថា រហូតមកដល់ពេលនេះ ពុំទាន់រកឃើញករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅក្នុងមន្ទីរពេទ្យរុស្ស៉ី ក៏ដូចជានៅទូទាំងរាជធានីភ្នំពេញ ដូចពាក្យចចាមអារ៉ាមតាមបណ្តាញសង្គមនោះឡើយ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានចាត់ទុកថា ការចែកចាយផ្សព្វផ្សាយព័ត៌មានមិនពិត ហើយបំភ្លៃអំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ គឺជាចេតនាបំពុលសង្គម ហើយបង្កឱ្យមានការភាន់ច្រឡំដល់ពលរដ្ឋកាន់តែខ្លាំងឡើង៕ធ.ដ