ប្រធានអូឡាំពិកកម្ពុជា បញ្ជាក់ថា សមិទ្ធផលវិមានកីឡដ្ឋាន គឺជាចំណងដៃដ៏ពិសិដ្ឋរបស់ចិន ជូនសម្តេចតេជោ សម្រាប់រៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងថា សមិទ្ធផលដ៏ល្អប្រណីត ដែលជាជំនួយហិរញ្ញប្បទានឥតសំណងដ៏ធំធេង និងដំបូងបង្អស់ នៅអាស៊ីរបស់មហាមិត្តចិ ននាពេលនេះ គឺជាចំណងដៃដ៏ពិសិដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង និងប្រជាជនចិន ជូនចំពោ សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជា សម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games 2023 ។

នេះជាប្រសាសន៍របស់ឯកឧត្តម ថោង ខុន ក្នុងឱកាសពិធីប្រគល់-ទទួល វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតជោ កាលពីល្ងាចថ្ងៃ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ។


ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា «វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ កើតឡើងដោយគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង ដែលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ “ខ្សែក្រវាត់ និងផ្លូវ” ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ប្រមាណ ១,១ប៊ីលានយ័ន ស្មើនឹងប្រមាណ១៥០លានដុល្លារអាម៉េរិក ។ «គំនូរសំណង់ស្ថាបត្យកម្ម នៃវិមានកីឡដ្ឋានដ៏មហាអស្ចារ្យនេះ ត្រូវបានជ្រើសរើសដោយសម្ដេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ បន្ទាប់ពីភាគីចិន និងកម្ពុជាបានដាក់ជូននូវគំរូប្លង់ស្ថាបត្យកម្ម ៣ជម្រើសគោរពជូនសម្តេចតជោរួចមក» ។ ឯកឧត្តម ថោង ខុន បន្ថែមថា វិមានកីឡដ្ឋាននេះ សាងសង់ឡើងក្រោមទស្សនទានប្រជាសាស្រ្តជាធំ ដែលជាគោលដៅបម្រើសុខុមាលភាព សោភណភាព រក្សាប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានកម្រិតខ្ពស់។ ក្នុងនោះធាតុផ្សំ នៃអរិយធម៌ខ្មែរដ៏សម្បូរបែប ត្រូវបានដាក់ជាធាតុចូលដ៏សំខាន់ក្នុងរូបភាពសំណង់ទាំងមូលដូចជា៖ រូបរាងសំពៅ និមិត្តរូបដៃសំពះ ដែលមានក្នុងរចនាបថសំណង់ស្ថាបត្យកម្មខ្មែរ បាននិម្មិតចេញជាទស្សនីយភាពថ្មី ប្លែក និងអស្ចារ្យ ។ ប៉មខ្ពស់ទាំងពីរ ដែលមានកម្ពស់៩៩ម៉ែត្រជាសក្ខីភាព នៃថាមពលដ៏រឹងមាំនៃស្មារតីមិត្តភាព សាមគ្គីភាព និងសន្តិភាពជាអមតៈលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងទិដ្ឋភាពបច្ចេកទេស វិមានកីឡដ្ឋាននេះ បានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ តាមស្តង់ដារកីឡាអន្តរជាតិ ដែលអាចជួយឱ្យកម្ពុជាកាន់តែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា ក៏ដូចជាព្រឹត្តិការណ៍ទេសចរណ៍ និងពាណិជ្ជកម្មធំៗផងដែរ ។

ជាងនេះទៀតវិមានកីឡដ្ឋានដ៏មហាអស្ចារ្យនេះ បានសាងសង់ឡើងក្នុងកម្រិតស្តង់ដារសុវត្ថិភាពខ្ពស់ ពោលគឺ អាចជម្លៀសមនុស្ស ៦ម៉ឺននាក់ ចេញពីវិមានកីឡដ្ឋាន ក្នុងករណីមានហានិភ័យកើតឡើងជាយថាហេតុ ដោយប្រើរយៈពេលតែ ៧នាទីប៉ុណ្ណោះ ។ ពិធីប្រគល់-ទទួល វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោនាពេលនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជានិម្មិតរូបនៃមិត្តដែកថែប រវាងប្រទេសយើងទាំងពីរ និងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន ។
ក្រោយព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023 វិស័យកីឡាកម្ពុជា ពិតជានឹងឈានចូលក្នុងរបត់ថ្មីមួយនៃការអភិវឌ្ឍ ប្រកបដោយគុណផលកីឡាខ្ពស់ និងមានឧត្តមភាពលើឆាកអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបានថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធកីឡាជាតិ ដែលបាន និងកំពុងខិតខំរួមគ្នា អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈកីឡា ឱ្យបានរឹងមាំប្រកបដោយសក្តានុពល លើឆាកជាតិ និងអន្តរជាតិ ។
ឯកឧត្តមបណ្ឌិត ថោង ខុន សង្កត់ធ្ងន់ថា ក្នុងនាមចលនាអូឡាំពិក និងមហាគ្រួសារកីឡាជាតិ ឯកឧត្តមបណ្ឌិតសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះការលើកស្ទួយ និងអភិវឌ្ឍន៍វិស័យកីឡាជាតិ និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជាថ្មីម្តងទៀតចំពោះរដ្ឋភិបាល និងប្រជាជនចិន ដែលបានផ្តល់នូវជំនួយហិរញ្ញប្បទានឥតសំណងដ៏មហិមានេះដល់កម្ពុជា។ «ខ្ញុំបាទសូមប្តេជ្ញាចិត្តបន្តកិច្ចសហការដ៏រឹងមាំជាមួយនឹងភាគីមិត្តចិន និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីគ្រប់គ្រង ថែរក្សានូវសមិទ្ធផលដ៏មហាអស្ចារ្យនេះ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍវិស័យកីឡា និងសេដ្ឋកិច្ចសង្គមកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងសម្រាប់យុវជនជំនាន់ក្រោយ» ។


គួរបញ្ជាក់ថា វិមានកីឡដ្ឋាននេះ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម សុង ប៉ អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដោយសាងសង់លើផ្ទៃដីទំហំ ១៦,៤ហិកតា ផ្ទៃក្រឡាសំណង់អគារ ៨៦,០០០ម៉ែត្រក្រឡា ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន៦ម៉ឺននាក់ ។ សំណង់នេះប្រើប្រាស់កម្លាំងពលកម្មដែលជាបុគ្គលិក និងកម្មករជំនាញចិន ២៧០នាក់ និងកម្មករជំនាញ កម្លាំងពលកម្មខ្មែរចំនួន ៥៥០នាក់ ។ វិមានកីឡដ្ឋាននេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន China State Construction Engineering Co., Ltd ស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន។ ការសាងសង់វិមានកីឡដ្ឋានដ៏មហាអស្ចារ្យនេះបានប្រើប្រាស់រយៈពេល ៤៨ខែ គិតចាប់ពីថ្ងៃសាងសង់រហូតដល់ពេលបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner