លោកវ៉ាង យី បន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី
លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីក្រសួងការបរទេសចិន បន្តធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ក្រោយមកប្រទេសវៀតណាម និងកម្ពុជា។ លោកមកដល់សិង្ហបុរីនៅថ្ងៃច័ន្ទ។
![](https://asset.ams.com.kh/central/media/vivian-balakrishnan-and-wang-yi.jpg)
ក្រសួងការបរទេសសិង្ហបុរីបានឱ្យដឹងថា លោក វ៉ាង នឹងចូលជួបលោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) លោកឧបនាយករដ្ឋមន្ត្រី ហេង ស្វ៊ីគៀត (Heng Swee Keat) និងរដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក វីវៀន បាឡាក់គ្រីស្នាន (Vivian Balakrishnan)។
កាលពីខែមីនាកន្លងទៅ លោក បាឡាក់គ្រីស្នាន បានធ្វើដំណើរទៅកាន់ទីក្រុងហ្វ៊ូជាន ប្រទេសចិន ហើយបានទៅជួបជាមួយលោក វ៉ាង យី ដោយនៅកាលនោះរដ្ឋមន្ត្រីការបរទេសទាំងពីររូបបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការបើកឱ្យមានការធ្វើដំណើររវាងប្រទេសទាំងពីរ ហើយក៏ដូចជានិយាយអំពីស្ថានភាពនៅមីយ៉ាន់ម៉ាផងដែរ។
លោក វ៉ាង យី ចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាស៊ីប៉ាស៊ីហ្វិកកាលពីសប្ដាហ៍មុន ដោយចាប់ផ្ដើមដំបូងគឺ វៀតណាម ក្រោយមកកម្ពុជា បន្ទាប់មកសិង្ហបុរី និងចុងក្រោយប្រទេសកូរ៉េខាងត្បូង មុនត្រលប់មកស្រុកចិនវិញ៕