ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងថ្មីស្នងការនៃស្នងការដ្ឋាននគរបាលចេត្តសៀមរាប
សៀមរាប ៖ ស្នងការថ្មីនៃស្នងការរដ្ឋានខេត្តសៀមរាប បានប្រកាសចូលកាន់មុខតំណែងថ្មី នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ខណៈដែលស្នងការបច្ចុប្បន្នដល់អាយុត្រូវចូលនិវត្តន៍ហើយ ពិធីនេះ បានប្រព្រឹត្តិទៅក្រោមវត្តមាន នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងមន្ត្រីរាជការជុំវិញខេត្តជាច្រើននាក់ ។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងកម្មវិធីប្រកាសតែងតាំងនៅថ្ងៃនេះ យើងអាចថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាព នយោបាយនៃខេត្តសៀមរាបទាំងមូលឲ្យបានល្អប្រសើរថែមទៀត ។ ឯកឧត្តម ក៏បានកោតសរសើរចំពោះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង អតីតស្នងការ ដែលត្រូវបានឱ្យចូលនិវត្តន៍ថា កន្លងមកលោក បានលះបង់យ៉ាងច្រើនទាំងកម្លាំងកាយ កម្លាំងចិត្ត មិនថាយប់ឬថ្ងៃឡើយ ដើម្បីការពារផលប្រយោជន៍រួមរបស់ជាតិ និងអនុវត្តកិច្ចការងាររបស់ខេត្តសៀមរាប ជាពិសេស គឺការគ្រប់គ្រងកងកម្លាំងនៅស្នងការ និងអធិការនៅតាមបណ្តាស្រុកទាំង ១២ បានយ៉ាងល្អ ព្រមទាំងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋបានទាន់ពេលវេលាទៀតផង ។
ឯកឧត្ត បានបង្ហាញទៀតថា សម្រាប់ខេត្តសៀមរាបយើងនេះ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះផលវិបាកផ្សេងៗដែលបណ្តាលមកពីវិបត្តិកូវិដ.១៩ បច្ចុប្បន្នបញ្ហាវិរុសបំប្លែងខ្លួនថ្មី (ដែលតា) គឺមានអ្នកឆ្លងប្រមាណជាង ២០០នាក់ហើយ ទើបរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ក្រុងសៀមរាប ចំនួនមួយសប្ដាហ៍ ក្នុងបំណងដើម្បីកាត់ផ្ដាច់ខ្សែចម្លង ជម្ងឺកូវីដ -១៩ ក្នុងសហគមន៍ ខណៈដែលបច្ចុប្បន្នតួលេខអ្នកឆ្លងក្នុងក្រុងហាក់មានសន្ទុះកើនឡើងជាបន្តបន្ទាប់ ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានជម្រុញឲ្យស្នងការឡើងកាន់មុខតំណែងថ្មី ដែលបានឡើងសច្ចា និងសន្យាការងារថា យើងត្រូវតែធ្វើឲ្យបានល្អ បើយើងសន្យាហើយដាច់ខាតយើងត្រូវតែធ្វើឲ្យបាន មិនមែនសន្យាចោលឡើយ ហើយបើយើងចង់ឲ្យខេត្តសៀមរាបទទួលបានជោគជ័យទាល់តែយើងទាំងអស់គ្នារួបរួមសាមគ្គីគ្នា ទើបសម្រេចបានលទ្ធផលល្អប្រសើរ ជាចម្បងជាងនេះទៅទៀត គឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បន្តថា ការសន្យាចិត្ត ការផ្តេជ្ញាចិត្ត គឺជាទ្រឹស្តី ប៉ុន្តែសំខាន់ចាប់ពីពេលនេះទៅយើងត្រូវអនុវត្តជាក់ស្តែង យើងជាបញ្ជាការជាន់ខ្ពស់សម្រាប់ខេត្តសៀមរាប យើងត្រូវចាត់ចែងគ្រប់វិស័យពាក់ព័ន្ធនិងសន្តិសុខសណ្តាប់ធ្នាប់ យើងត្រូវសហការណ៍ជាមួយកម្លាំងសេនាធិការកងរាជអវុធហត្ថ និងកងកម្លាំងទាហាននៅខេត្តដើម្បីធ្វើការទាំងអស់នោះ បើចង់ជោគជ័យយើងមិនអាចធ្វើការម្នាក់ឯងបានឡើយ ។
គួររំលឹកថា ស្នងការថ្មីនៃស្នងការនគរបាលខេត្តសៀមរាប គឺលោកឧត្តមសេនីយ៍ត្រី តេង ចន័្ទណាត ដែលអតីតជាស្នងការរងទទួលដឹកនាំការិយាល័យនគបាលចរាចរណ៍ផ្លូវគោក- ផ្លូវទឹក ឱ្យជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវបានឱ្យចូលនិវត្តន៍។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី តូច សកល ទទួលផែនធនធានមនុស្សនឹងប្តូរទៅកាន់ផែនការងារគ្រប់គ្រង អាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ ហើយលោកវរសេនីយ៍ឯក អៀង មករា ជានាយការិយាល័យបុគ្គលិកឡើងជាស្នងការរងទទួលផែនធនធានមនុស្សវិញ ៕ ដោយ ស៊ាន សុផាត