មោទនភាពជាតិខ្មែរ! មីជាតិកំពុងព្យាយាមវាយលុកទីផ្សារអន្តរជាតិ ក្រោយទទួលបានការអនុញ្ញាតអោយនាំចេញទៅលក់នៅវៀតណាម

ភ្នំពេញ៖ ការ​នាំ​ចេញ​ជំហានដំបូងនេះ គឺជាការឆ្លុះបញ្ចាំងពីការជឿជាក់លើគុណភាពផលិត ផលមីជាតិនៅក្នុងកម្រិតស្តង់អន្តរជាតិមួយ ស្របជាមួយ​តម្រូវ​ការ​​ទីផ្សារក្នុង​ប្រទេស​​ជិតខាងផងដែរ។ ការនាំចេញនេះបានផ្តល់ជា​កាលានុវត្តភាពថ្មីមួយទៀត សម្រាប់ផលិតផល​មីជាតិ​​ក្នុង​ការ​បង្ហាញ​​​ខ្លួន​​លើទីផ្សារ​អន្តរ​ជាតិ ខណៈពេលគុណភាព និងរសជាតិនេះ បានទទួល​ស្គាល់​រួច​ជា​ស្រេច​ពីសំណាក់ប្រជាជន​នៅ​ក្នុង​ស្រុក។

នេះជាប្រសាសន៍របស់លោកជំទាវ ជឹង សុគន្ធាវី នាយិកា ក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីតាំងរោងចក្រមីជាតិ។ លោកជំទាវ ជឹង សុគន្ធាវី បន្តថា ស្របពេលមានការទទួលស្គាល់លើគុណភាព និងរសជាតិឆ្ងាញ់នៃផលិតផលមីជាតិ ក្រុមហ៊ុនដែលមានស្ថាបនិកជាកូនខ្មែរ និងជាក្រុមហ៊ុនផលិតមីកញ្ចប់ រសជាតិខ្មែរដំបូងគេនៅប្រទេសកម្ពុជា បាននាំចេញផលិតផលមីជាតិជាលើកទីមួយទៅកាន់ទីផ្សារប្រទេសវៀតណាម។ នេះជាវឌ្ឍនភាពថ្មីដ៏អស្ចារ្យមួយទៀតក្នុងការពង្រីកវិសាលភាពផលិតផលខ្មែរចូលក្នុងទីផ្សារថ្នាក់តំបន់នាពេលបច្ចុប្បន្ន និងទៅកាន់ពិភពលោកនាពេលអនាគត។ ​ជាមួយគ្នានេះ ឯកឧត្តម ឡាវ វ៉ាន់ នាយកប្រតិបត្តិ ក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង បានបញ្ជាក់ថា ការនាំចេញនេះពិតជាបានផ្តល់ភាពវិជ្ជាមានជាច្រើនដល់ផលិតផលមីជាតិ ដែលស្របជាមួយបរិការណ៍ នៃការទទួលស្គាល់ពី​គុណភាព និងរសជាតិឆ្ងាញ់របស់មីជាតិពីសំណាកប្រជាជនក្នុងស្រុក។ ជាពិសេស នេះជាមោទនភាពមួយ​ដែលផលិតផលមីកញ្ចប់ក្នុងស្រុករបស់យើងមានវត្តមានក្នុងទីផ្សារអន្តរជាតិ។ ឯកឧត្តមបន្ថែមទៀតថា មីជាតិ បានផលិតឡើងក្នុងស្តង់ដារមួយដ៏ត្រឹមត្រូវតាំងពីការបង្កើតដំបូង ដើម្បីសម្រេចនូវទស្សនៈវិស័យរបស់យើង ជាផលិតផលចំណីអាហារដែលគេគ្រប់គ្នាទទួលស្គាល់។ ហើយថ្ងៃនេះជាដំណើរឆ្ពោះទៅមុខមួយដំណាក់កាល​ទៀត ដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់វិស័យចំណីអាហារ​វេចខ្ចប់នៅកម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវ ហ៊ីវ រតនា តំណាងដៃគូចែកចាយមីជាតិទៅបរទេសបានមានប្រសាសន៍ថា​ នេះជា​ជំហាន​ដំបូង​ក្នុង​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​មីជាតិ។ យើងពិតជាជឿជាក់​លើគុណភាព និងសុវត្ថិភាព នៃផលិតផលមួយនេះ។ ស្របពេលជាមួយគ្នានេះផងដែរ យើងបាន​ធ្វើការ​សិក្សាយ៉ាង​ល្អិតល្អិន​បំផុត​លើ​គុណភាព និងរសជាតិ របស់មីជាតិ ក៏ដូចជាតម្រូវការមីកញ្ចប់ក្នុងទីផ្សាប្រទេសវៀតណាមផងដែរ។  លោកជំទាវ ហ៊ីវ រតនា បញ្ជាក់ទៀតថា ​តម្រូវការមីកញ្ចប់ក្នុងប្រទេសវៀតណាម មាន​ការកើន​ឡើងខ្ពស់ ក្នុងបរិបទនៃការរីករាលដាល នៃជំងឺកូវីដ១៩នេះ។​ យើងជឿជាក់ថាផលិតផល​មីជាតិ ​នឹង​ទទួលបាន​ការ​គាំទ្រ​​ពី​ប្រជាជន​នៅ​ទីនោះ។​ ដើម្បីបំពេញនូវលក្ខខណ្ឌក្នុងការនាំចេញ កម្រិតគុណភាព និងសុវត្ថិភាពចំណីអាហារ ត្រូវបានឆ្លងកាត់ការសិក្សា និងវាយតម្លៃយ៉ាង​យកចិត្ត​ទុក​ដាក់​បំផុត ដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធលើបទដ្ឋានស្តង់ដារ ដើម្បីធានាដល់ការនាំចេញប្រកបដោយសុវត្ថិភាព និងគុណភាព។ គួរបញ្ជាក់ផងដែរថា​ ផលិតផលមីជាតិត្រូវបាននាំចេញដោយក្រុមហ៊ុន Viet thai phat ដែលមាន​អាសយ​ដ្ឋាន​​​នៅក្នុងខេត្តអានជាំង ប្រទេសវៀតណាម៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner