ឯកឧត្តម ឆាយ ថន បានអនុញ្ញាតឱ្យ Dr. Daniel Alemu អ្នកតំណាងអង្គការមូលនិធិសហប្រជាជាតិ(UNFPA)ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាទីស្តីការក្រសួង
ទីស្តីការក្រសួងផែនការ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យ Dr. Daniel Alemu អ្នកតំណាងអង្គការមូលនិធិសហប្រជាជាតិ(UNFPA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈរូបលោក នឹងត្រូវបញ្ចប់បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។
លោក Daniel បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃដែលរូបលោកបានមកបេសកកម្មនៅកម្ពុជា(ខែកក្កដា ឆ្នាំ២០១៨) យើង(UNFPA និងក្រសួងផែនការ)បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នា លើកិច្ចរៀបចំដំណើរការការងារជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ លើការងារថវិកា និងបច្ចេកទេស ដែលបានប្រព្រឹត្តទៅរហូតដល់បញ្ចប់ប្រកបដោយជោគជ័យគួរជាទីមោទនៈ ជាមួយគ្នានេះដែរ យើងក៏បានសហការគ្នារៀបចំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍ(ICPD)កាលពីឆ្នាំ២០១៩ នៅប្រទេសកេនយ៉ា ដោយទទួលបានលទ្ធផលល្អប្រសើរផងដែរ។ ខ្ញុំទទួលស្គាល់ថា ក្រសួងផែនការ គឺជាក្រសួងដ៏ចាំបាច់ និងសំខាន់មួយ ក្នុងការកសាង រៀបចំផែនការ ជូនរាជរដ្ឋាភិបាល ក្នុងកិច្ចការកសាង អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យបានរីកចម្រើនរុងរឿង។
លោកបានបន្តថា ក្នុងនាមជាតំណាងរបស់ អង្គការUNFPA នៅកម្ពុជា រូបលោកបានបំពេញភារកិច្ចចូលរួមដឹកនាំ កិច្ចសហប្រតិបត្តិការ គាំទ្រដល់ដំណើរការអភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា ហើយរូបលោក សង្ឃឹមថា តំណាងUNFPAថ្មី ដែលនឹងបំពេញភារកិច្ចបន្តពីរូបលោក នឹងនៅតែបន្តអនុវត្តកិច្ចសហប្រតិបត្តិការដ៏ល្អ កាន់តែរឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងផែនការផ្ទាល់តែម្តង។
ក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនលោក Daniel ឯកឧត្តមសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ លើលទ្ធផលការងារដែលសម្រេចកន្លងមករវាងក្រសួងផែនការ និងអង្គការUNFPA។ ក្នុងចំណោមកិច្ចការធំៗជាច្រើន ដែលក្នុងឆ្នាំ២០១៩កន្លងមក ការងារជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ត្រូវបានអនុវត្តបញ្ចប់ទៅប្រកបដោយលទ្ធផលល្អត្រចះត្រចង់ សម្រាប់ផ្តល់ជូនរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកប្រើប្រាស់ទិន្នន័យទាំងអស់។ ប្រសិនជាគ្មានការជួយគាំទ្រ គៀងគរថវិកា ជាពិសេសឧបត្ថម្ភគាំទ្រថវិកា និងបច្ចេកទេស ពីអង្គការUNFPAនោះទេ ការងារជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ក៏មិនទទួលបានលទ្ធផលល្អដូចពេលនេះដែរ។
ចំពោះកិច្ចសហប្រតិបត្តិការរៀបចំដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍ នៅប្រទេសកេនយ៉ា ឆ្នាំ២០១៩ និងការរៀបចំប្រារព្វទិវាប្រជាជនពិភពលោកលើកទី៣២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ១១ ខែកក្កដា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ទទួលបានលទ្ធផលល្អប្រសើរនេះ ក្នុងខណៈពេលដែលការរីករាលនៃជំងឺកូវីដ-១៩ កំពុងបន្តវាយលុក វាបានឆ្លុះបញ្ចាំងពីភាពជិតស្និទគ្នា សហការគ្នាយ៉ាងល្អ រវាងក្រសួងផែនការ និងអង្គការUNFPA។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងនូវអំណរគុណ និងដឹងគុណ ចំពោះអង្គការUNFPA ដែលបានជួយក្នុងការធ្វើទំនើបកម្មសម្ភារៈប្រើប្រាស់ ក្នុងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កន្លងមក ស្របតាមការរីកចម្រើនរបស់ពិភពលោក ដែលវាបានជំរុញលើកទឹកចិត្តដល់មន្ត្រីអនុវត្តផងដែរ។
ជាចុងក្រោយ មុននឹងលោក Daniel ជម្រាបលា លោកបានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំក្រោយ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ អង្គការUNFPA កំពុងសិក្សា ពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយគាំទ្រ ដល់ដំណើរការនៃកិច្ចប្រជុំ ព្រមទាំងនឹងរៀបចំនូវការតាំងពិព័រណ៌ បង្ហាញពីសន្និសីទស្តីពីប្រជាជននិងការអភិវឌ្ឍ(ICPD) ហើយសង្ឃឹមថាក្រសួងផែនការ នឹងលើកយកចំនុចនេះបញ្ចូលក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះផងដែរ។
ពាក់ព័ន្ធនឹងICPDនេះដែរ អង្គការUNFPA សូមសម្តែងនូវការអបអរសាទរ កោតសរសើរ និងគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងផែនការ ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តកម្មវិធីសកម្មភាព(ICPD) ព្រមទាំងបានរៀបចំបង្កើតឱ្យមានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍ។
ជាមួយនឹងរបៀបវារៈនៃកំណែទម្រង់ស្ថិតិ អង្គការUNFPA បានជួយរៀបចំទស្សនៈទាន ដោយបានផ្តល់យោបល់ជាច្រើន ហើយក្រសួងផែនការនឹងត្រូវលើកយកទៅពិភាក្សាអនុម័តជាមួយស្ថាប័ន និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីបញ្ចប់ ដោយលោកសង្ឃឹមថា UNFPA នឹងនៅតែបន្តគាំទ្រ ឱ្យលេចចេញជារូបរាង និងបន្តគាំទ្រអនុវត្តនាពេលបន្ទាប់ទៀត។
ជាទីបញ្ចប់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានជូនពរលោក Daniel ព្រមទាំងក្រុមគ្រួសារ សូមទទួលបានសុខភាពល្អបរិបូរណ៌ និងត្រឡប់ទៅវិញ ព្រមទាំងបំពេញបេសកកម្មនាពេលបន្ទាប់ សូមបានប្រកបដោយសុខសុវត្ថិភាព។ដោយ-រ៉ាវុធ