បណ្តាប្រទេសម្ចាស់ជំនួយសន្យាផ្តល់មូលនិធិបន្ទាន់ជាង១ពាន់លានដុល្លារដល់អាហ្វហ្គានីស្ថាន

បរទេស៖ អង្គការសហប្រជាជាតិបានរៀបចំសន្និសីទស្តីពីជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន ដោយបណ្តាប្រទេសដែលចូលរួមបានសន្យារួមគ្នាផ្តល់មូលនិធិសរុបជាង១ពាន់លានដុល្លារ សម្រាប់​ជួយ​ដល់​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​​ចំនួន​១១លាន​នាក់​ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​មនុស្សធម៌​ខ្លាំង​ឡើង ​និង​មនុស្ស​រាប់លាន​ទៀត​នៅ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់។

​នៅក្នុង​សន្និសីទ​កម្រិតរដ្ឋមន្រ្តីលើកដំបូង​នៅទីក្រុងហ្ស៊ឺណែវ ស្តី​ពី​អា​ហ្វ​ហ្គានី​ស្ថាន ​ចាប់តាំងពី​ក្រុមតា​លីបង់​បាន​ឡើងកាន់អំណាច​កាលពី​មួយ​ខែ​មុននោះ រដ្ឋាភិបាល​លោកខាងលិច ម្ចាស់​ជំនួយ​ប្រពៃណី​ធំៗ ​និង​អ្នក​ផ្សេង​​ទៀត​បាន​ប្រកាស​ការសន្យា​ផ្តល់​ជំនួយ​លើសពី​ប្រាក់៦០៦លាន​ដុល្លារ​ដែលអង្គការសហប្រជាជាតិ​កំពុង​ស្វែងរក​សម្រាប់​ការចំណាយ​ចុងឆ្នាំ​នេះ​ ដើម្បី​ទប់ស្កាត់​អា​ហ្វ​ហ្គានី​ស្ថាន​ពី​គ្រោះមហន្តរាយម​នុស្ស​ធម៌​។​ ​ជាមួយគ្នានេះ អាមេរិកបានសន្យាផ្តល់ថវិកាជិត៦៤លានដុល្លារសម្រាប់ជាជំនួយថ្មីដល់អាហ្វហ្គានីស្ថាន និងចិនក៏បានសន្យាផ្តល់ស្បៀងអាហារ វ៉ាក់សាំង និងគ្រឿងបរិក្ខាផ្សេងៗទៀត ខណៈដែលជប៉ុនក៏បានប្រកាសផ្តល់ថវិកា៦៥លានដុល្លារសម្រាប់ជាជំនួយថ្មីផងដែរ។

ប្រធានផ្នែកមនុស្សធម៌​របស់អង្គការសហប្រជាជាតិលោក ម៉ា​ទីន ហ្គ្រី​ហ្វ​ហ្វីត បាន​ប្រកាស​នៅ​ចុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថា ជំនួយ​មនុស្សធម៌​ និង​អភិវឌ្ឍ​ជាង១,២ពាន់​លាន​ដុល្លារ​ត្រូវបាន​សន្យា​ផ្តល់ជូន​៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner