ប្រមុខការទូតអាមេរិកថ្លែងការពារការសម្រេចចិត្តដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន បានចេញមុខការពារការសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានរបស់លោក ប្រធានាធិបតី ចូ បៃដិន នៅឯសវនាការមួយនៃសភាជាតិ ជាទីដែលសមាជិកសភាតំណាងរាស្ត្រម្នាក់មកពីគណបក្សសាធារណរដ្ឋបានទាមទារឱ្យលោកចុះចេញពីតំណែង។
នៅចំពោះមុខការសួរចម្លើយពីសមាជិកសភា លោក ប្លីងគែន បានវាយបកទៅនឹងការចោទប្រកាន់ដែលថា ក្រសួងការបរទេសអាមេរិកមិនបានប្រឹងប្រែងគ្រប់គ្រាន់ ដើម្បីជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្កានីស្ថានងាយរងគ្រោះនោះទេ ដោយលោកបានបន្ទោសទៅលើអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលខ្វះខាតក្នុងការរៀបចំផែនការ ទើបជាហេតុបង្កឱ្យមានភាពចលាចលក្នុងប្រតិបត្តិការជម្លៀសមនុស្សចេញពីរដ្ឋធានីកាប៊ុល។ លោកសង្កត់ធ្ងន់ថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមលើកិច្ចព្រមព្រៀងដកកងទ័ពជាមួយក្រុមតាលីបង់ ខណៈរដ្ឋបាលលោកប្រធានាធិបតី បៃដិន មិនបានពិចារណាធ្វើកិច្ចចរចាឡើងវិញនោះទេ ដោយសារតែការគំរាមកំហែងរបស់តាលីបង់ដល់អាយុជីវិតពលរដ្ឋអាមេរិក។
សូមជម្រាបថា លោក អាន់តូនី ប្លីងគែន បានបង្ហាញខ្លួន នៅថ្ងៃចន្ទម្សិលមិញនៅក្នុងសវនាការរបស់គណៈកម្មាធិការកិច្ចការការបរទេស នៃសភាតំណាងរាស្ត្រ ហើយលោកគ្រោងនឹងបន្តផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការកិច្ចការការបរទេសនៃព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ។ នេះគឺជាលើកដំបូងបំផុតដែលមន្ត្រីជាន់ខ្ពស់ក្រោមរដ្ឋបាលលោក បៃដិន ផ្ដល់សក្ខីកម្មចំពោះមុខសភាជាតិ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហាមក៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner