សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានប្រកាសសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ សម្រាប់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់១២ឆ្នាំ ។ សារសម្លេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ យើងបានសម្រេចចិត្តថា នឹងចាក់វ៉ាក់សាំង ឲ្យក្មេងអាយុពី ៦ឆ្នាំទៅ ១២ឆ្នាំ ប្រសិនបើយើងមិនចាក់ជូនកុមារពីអាយុ ៦ឆ្នាំទៅ ១២ឆ្នាំទេ យើងមិនអាចឈានទៅ បើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺអាយុនៅក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបើកតែអនុវិទ្យាល័យ និងវិទ្យាល័យ ដូច្នេះធ្វើឲ្យមានបញ្ហាលំបាក ម្យ៉ាងទៀត វ៉ាក់សាំង ក៏បានសិក្សានៅតាមប្រទេសនានា ហើយគេក៏បាន ប្រើប្រាស់សម្រាប់ក្មេងដែលមានអាយុក្រោម ១២ឆ្នាំរួចមកហើយដែរ។

ដូច្នេះ បញ្ហាវ៉ាក់សាំង មិនមែនជាបញ្ហាលំបាកទេ នៅម្ខាង គឺវ៉ាក់សាំង អនុញ្ញាតឲ្យចាក់ ហើយម្ខាងទៀត យើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេច ហើយតាមស្ថិតិជាបឋម ដែលឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់ឱ្យអំពីស្ថិតិនោះ គឺត្រឹមតែ ១លាន៨សែននាក់ជាងប៉ុណ្ណោះ ដូច្នេះ សម្ដេច បាន សម្រេចថា នឹងបើកយុទ្ធនាការថ្មីមួយទៀតនៅថ្ងៃសុក្រ ដើម្បីចាក់វ៉ាក់សាំងជូនកុមារអាយុ ៦ឆ្នាំទៅ ១២ឆ្នាំ បន្ទាប់ពី យើងចាក់ជិតរួចរាល់សម្រាប់កុមារដែលមានអាយុពេល ១២ទៅ ១៨ឆ្នាំ ឥឡូវយើងបើកយុទ្ធនាការបន្ត ដោយចាប់ផ្ដើម ពីអាយុ ៦ឆ្នាំទៅ ១២ឆ្នាំ ហើយការបើកយុទ្ធនាការនេះទៀតសោត យើងត្រូវធ្វើនៅក្របខណ្ឌទូទាំងប្រទេស ឯថ្នាក់ជាតិ យើងបើកនៅវិមានសន្តិភាពដូចពេលដែលយើងចាក់ឲ្យកុមារ និងយុវវ័យ កាលពីពេលមុនដែរ ហើយបន្ទាប់ពីនោះ សម្ដេច នឹងធ្វើសន្និសីទសារព័ត៌មាន ។

សម្ដេចតេជោ ក៏បានសូមឱ្យសម្ដេច ឯកឧត្ដម លោកជំទាវ ជាពិសេស ខាងផ្នែកសុខាភិបាល ក៏ដូចជាគណៈកម្មការ ចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងទូទាំងប្រទេស ក៏ដូចជាអនុគណកម្មការចាក់វ៉ាក់សាំងនៅតាមខេត្ត-រាជធានី ធ្វើការ ប្រុងប្រៀប ដើម្បីនឹងរៀបចំការបែងចែកវ៉ាក់សាំង និងរៀបចំក្រុមគ្រូពេទ្យ ដើម្បីអនុវត្តនូវការចាក់វ៉ាក់សាំងសម្រាប់កុមារ អាយុពី ៦ឆ្នាំទៅ១២ឆ្នាំ ដែលមាន ១លាន ៨សែននាក់ជាង ឬថាជិត១លាន ៩សែននាក់ ដែលយើងត្រូវចាក់ជូន ហើយ ត្រូវចាប់ផ្ដើមពីថ្ងៃសុក្រនេះទៅ។

ដូច្នេះពេលវេលានេះ មិនមែនជាបញ្ហាធំធេងអីទេ ដោយសារយើងមានក្រុមគ្រូពេទ្យ យើងមានវ៉ាក់សាំងនៅតាមមូលដ្ឋានរួចស្រេចទៅហើយ ដែលប្រើប្រាស់វ៉ាក់សាំងស៊ីណាវ៉ាក់ សម្រាប់ការចាក់ ដូច្នេះ សូមឱ្យមានការរៀបចំ ដើម្បីគ្រាន់តែជាការបន្ថែម ដែលកាលពីមុននេះ មាតាបិតា អាណាព្យាបាល បាននាំកុមារ និង យុវវ័យអាយុពី ១២ឆ្នាំទៅ ១៨ឆ្នាំ ទៅចាក់ ឥឡូវបន្ថែមដោយគ្រាន់តែមាតាបិតា អាណាព្យាបាល នាំកុមារអាយុពី ៦ឆ្នាំ ទៅដល់ ១២ឆ្នាំ ដើម្បីចាក់បន្ថែមតែប៉ុណ្ណោះ ឯទីតាំងចាក់ចាក់វ៉ាក់សាំង គឺយើងមានរួចរាល់ហើយ ហើយកន្លែងដែល បានបិទ គឺត្រូវបើកឡើងវិញដើម្បីចាក់វ៉ាក់សាំងឲ្យកុមាររបស់យើង ដោយកុមារ និងយុវវ័យរបស់យើង គឺមកដល់ពេល នេះ ចាក់បាន ១លាន៧សែននាក់ជាងស្រេចទៅហើយ យើងធ្វើដូច្នេះ សំដៅដើម្បីឲ្យកុមារដែលត្រូវចូលរៀនបឋម សិក្សា អាចនឹងចូលរៀនបឋមសិក្សាបានដោយគ្មានការភ័យខ្លាច ព្រោះពួកគេបានទទួលវ៉ាក់សាំង បើមិនដូច្នោះទេ យើងនៅចន្លោះក្នុងរង្វង់ពី ៦ទៅ ១២ឆ្នាំ ដោយមុននេះ យើងតម្រូវសម្រាប់តែអនុវិទ្យាល័យ និងវិទ្យាល័យ យើងធ្វើតាម ជំហាន ហើយជំហានបន្តទៀត គឺយើងកំពុងគិតសម្រាប់ក្មេងដែលនៅមត្តេយ្យក្នុងរង្វង់អាយុ ៣ឆ្នាំ ទៅ ៦ឆ្នាំវិញដែរ ដែលនោះចាត់ទុកថា ជាជំហានបន្ទាប់មួយទៀត ដែលយើងត្រូវដោះស្រាយ គឺបញ្ហាវ៉ាក់សាំង សម្រាប់ការចាក់ដល់ កុមារអាយុពី ៦ ដល់ ១២ឆ្នាំ ដែលអាចផ្ដល់ឱកាសឲ្យកុមាររបស់យើង អាចចូលបានសិក្សាសម្រាប់សាលាបឋមសិក្សា ដែលត្រូវបើកជាបន្តទៀត បន្ទាប់ពីការបើកអនុវិទ្យាល័យ វិទ្យាល័យ និងមហាវិទ្យាល័យ ដែលយើងបាននឹងកំពុងធ្វើចាប់ ពីថ្ងៃនេះទៅ ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា អញ្ចឹងសូមត្រៀមរៀបចំសម្រាប់ថ្ងៃសុក្រនេះតែម្ដង ហើយការបើកនៅថ្នាក់ជាតិ គឺបើកដោយសម្ដេចផ្ទាល់នៅវិមានសន្តិភាព ដែលសូមឱ្យឯកឧត្តម លោកជំទាវ នាំកូន នាំចៅ សម្រាប់ការទៅចាក់នៅ វិមានសន្តិភាព តាមការចាត់ចែងរបស់ក្រសួងសុខាភិបាល ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner