បើបងប្អូនមិនគោរព វិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលទេនោះ គឺយើងទៅមុខមិនរួចឡើយ
សៀមរាប ៖ ថ្មីៗនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបង្ហោះសារមួយទៅកាន់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន នៅក្នុងផេកផ្លូវការរបស់ឯកឧត្តមថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ហើយ ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែប្រហែស ខ្វះការប្រុងប្រយ័ត្ន បំពាន និងមិនមានការស្វែងយល់ពីហានិភ័យនៃជំងឺកូវីដ-១៩។ ដូច្នេះ អាជ្ញាធរយើងបានខិតខំណែនាំ ហើយ ណែនាំទៀត អង្វរផង និងអំពាវនាវផង ដល់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមិនស្តាប់ មិនចូលរួម ។
ឯកឧត្តម បានបន្តទៀតថា យើងត្រូវបង្ខំចិត្ត ឱ្យក្រុមការងាររបស់យើងចាត់វិធានការចំពោះបងប្អូនមួយចំនួននេះ ក្នុងការផាកពិន័យ និងដាក់ទោសទៅតាមផ្លូវច្បាប់ ។ សូមបងប្អូនប្រជាពលរដ្ឋ កុំឆ្លៀតធ្វើអ្វីដែលខុសពីការណែនាំ ពីព្រោះបងប្អូនអាចប្រឈមនឹងផ្លូវច្បាប់-បងប្អូនអាចត្រូវបិទ អាជីវកម្ម បិទហាង បាត់បង់ការងារ-បងប្អូនអាចឆ្លងកូវីដ-១៩ និងនាំយកជំងឺចូលផ្ទះ ឆ្លងដល់ ប្តីប្រពន្ធ ឆ្លងដល់កូន ឆ្លងដល់ ឪពុកម្ដាយ ដែលចាស់ជរា-បងប្អូននឹងអាចធ្វើឱ្យបាត់បង់សមាជិកក្រុមគ្រួសារ ដោយសារតែទប់ចិត្តមិនបាន ជុំគ្នាផឹក សប្បាយក្នុងមួយគ្រា ។
ឯកឧត្តម សូមអង្វរ និងអំពាវនាវម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ សូមចូលអនុវត្តគ្រប់គ្រងកូនចៅឲ្យបានល្អ បើមិនមានការចាំបាច់ កុំចេញពីផ្ទះ ដើម្បីសុវត្ថិភាព ដោយផ្អាកការប្រមូលផ្តុំ ការជួបជុំ ផឹកស៊ី និងសកម្មភាពទាំងឡាយដែលផ្ទុយពីវិធានការការពាររបស់ក្រសួងសុខាភិបាល ។ ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក រស់នៅតាមបែបគន្លងថ្មី ៣.ការពារ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល ៣.កុំ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល ៕ ដោយ ស៊ាន សុផាត