សិស្សរៀនថ្នាក់ទី៩ និងទី១២ នៅវិទ្យាល័យ និងអនុវិទ្យាល័យក្នុងខណ្ឌចំការមន បានចូលរៀនវិញ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សិស្សានុសិស្សដែលរៀនថ្នាក់ទី៩ និងទី១២ នៅវិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងខណ្ឌចំការមន បានចូលរៀនឡើងវិញហើយ ក្រោយពីសាលារៀននៅក្នុងខណ្ឌចំការមន ក៏ដូចជានៅទូទាំងប្រទេស បានបិទបណ្ដោះអាសន្នក្នុងរយៈពេលប៉ុន្មានខែមកនេះ ដោយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០២១ កុម្ភៈ ឆ្នាំ២០២១ ។

ក្នុងឱកាសដឹកនាំមន្ត្រីខណ្ឌ-សង្កាត់ ចុះពិនិត្យការដំណើរការសាលារៀនឡើងវិញនេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានផ្ដាំផ្ញើដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ បន្តអនុវត្តនូវវិធានការសុខាភិបាល ជាពិសេស វិធានការ ៣កុំនឹង ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយើងបញ្ចៀសបាននូវការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

បើតាមការឲ្យដឹងពីគណៈគ្រប់គ្រងសាលានៅក្នុងខណ្ឌចំការមន បានឲ្យដឹងថា លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ដែលត្រូវចូលមកបង្រៀន និងរៀន នៅក្នុងពេលដែលរាជធានីភ្នំពេញ បើកដំណើរការសាលារៀនឡើងវិញនេះ គឺតម្រូវឱ្យអ្នកទាំងនោះ បានចាក់វ៉ាក់សាំងរួចរាល់ ដោយចូលមកដល់ក្នុងបរិវេណសាលា ត្រូវតែបង្ហាញនូវប័ណ្ណចាក់វ៉ាក់សាំង ឬក៏លិខិតដែលបានចាក់វ៉ាក់សាំងរួច ទើបអនុញ្ញាតឲ្យចូល ។ ជាមួយគ្នានេះ នៅក្នុងថ្នាក់រៀននីមួយៗ មានសិស្សចូលរៀនត្រឹមតែ ១៥នាក់ប៉ុណ្ណោះ និងបានអនុវត្តនូវវិធានសុខាភិបាលយ៉ាងត្រឹមត្រូវផងដែរ ។

សូមរំលឹកថា យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ជូនដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ផ្អែកតាមសេចក្តីជូនដំណឹងលេខ ០៧៣/២១ សជណ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាន អនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ តទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោល ការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ដូច្នេះ សូមគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និង ជំរុញការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ឱ្យទទូលបានលទ្ធផលល្អ ប្រកបដោយទំនុកចិត្តខ្ពស់ ៕ ដោយវណ្ណលុក និងលោក វ៉េង លីមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner