នាយកវិទ្យាល័យ នេត យ៉ង់ ខេត្តបាត់ដំបង បានបញ្ជាក់ថាក្នុងថ្នាក់រៀននីមួយៗ សាលារៀបចំឲ្យសិស្សអង្គុយរៀន តែ១៥នាក់ប៉ុណ្ណោះ ដើម្បីរក្សាគម្លាតសុវត្ថិភាព ក្នុងពេលកំពុងសិក្សា (មានវីដេអូ)

        ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជននិងកីឡា និងអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានកំណត់ពីពេលវេលាក្នុងការបើកសាលាឲ្យសិស្សចូលរៀនសាកល្បងឡើងវិញនៅថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១ ដោយក្នុងនោះ រដ្ឋបាលខេត្តនិងមន្ទីរជំនាញ របស់ ខេត្តបាត់ដំបង បានកំណត់ពីការបើកសាលាឲ្យសិស្សបានចូលរៀនវិញ នូវក្នុងកម្រិតតែថ្នាក់ទី៦,ទី៩ និងទី១២ តែប៉ុណ្ណោះ។នេះបើយោងតាមការណែនាំនិងការសម្រេចនៅក្នុងកិច្ចប្រជុំរបស់គណបញ្ជាការឯកភាព នៃ រដ្ឋបាលខេត្តបាត់ដំបង កាលពីពេលថ្មីៗ កន្លងទៅនេះ។

       ដោយឡែកនៅព្រឹកថ្ងៃទី១៥ខែកញ្ញា២០២១នេះលោក អឿម ឃឿម នាយកវិទ្យាល័យ នេតយ៉ង់ បានគូសបញ្ជាក់ពីការរៀបចំការធ្វើអនាម័យនិងសម្អាតបរិស្ថានទាំងនៅតាមទីធ្លាបរិវេណសាលានិង នៅក្នុងថ្នាក់រៀននីមួយៗ តាមរយៈគ្រូបន្ទុកតាមថ្នាក់ និងសិស្សានុសិស្ស ដែលត្រូវចូលរៀនៅពេលខាងមុខនេះ ដោយបានលើកឡើងឲ្យដឹងថា៖ សាលារបស់លោកបានត្រៀមខ្លួនរួចជាស្រេចទាំងសាលាទាំងគ្រូ និងសិស្សានុសិស្ស ដែលត្រូវចូលរៀននៅថ្ងៃទី២០ខែកញ្ញា ពេលខាងមុខនេះ។ លោកក៏បានបញ្ញាក់ឲ្យដឹងផងដែរថា៖សម្រាប់សាលារបស់លោកសិស្សដែលត្រូវចូលរៀននេះមានថ្នាក់សិក្សាចំនួន០២កម្រិតមានថ្នាក់ទី៩និងថ្នាក់ទី១២ហើយការសិក្សានៅតាមថ្នាក់នីមួយៗខាងលើនេះ គឺបានកំណត់ឲ្យសិស្សរៀនក្នុងថ្នាក់ តែ១៥នាក់ប៉ុណ្ណោះ។ការធ្វើបែបនេះដើម្បីរក្សានូវគម្លាតសុវត្ថិភាពដល់សិស្សដែលកំពុងសិក្សានៅក្នុងថ្នាក់ហើយអ្វើដែលសាលាផ្តោតសំខាន់ទៀតនោះ សិស្សមករៀនត្រូវពាក់ម៉ាស់ ត្រូវមានអាលកុលឬជែលសំរាប់ការធ្វើអនាម័យផ្ទាល់ខ្លួន ឬក៏ត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់ដោយសាប៊ូ នៅទីកន្លែងអនាម័យរបស់សាលា។   

       តាមរយៈនៃការបើកឲ្យដំណើរការនូវសាលារៀនដើម្បីឲ្យសិស្សានុសិស្សរៀននូវកម្រិតថ្នាក់ទី៦,ទី៩ និងទី១២ បានចូលរៀនឡើងវិញនេះ លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានថ្លែងនូវការដឹងគុណនិងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធ។ជាពិសេសអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ដែលបានកំណត់ដាក់ចេញ នូវ វិធានការណែនាំមួយចំនួនបន្ថែមទៀត ក្នុងការពង្រឹងនូវការបើកសាលានិងពីការចូលរៀន របស់ សិស្សានុសិស្ស ព្រមទាំងធ្វើការក្រើនរំលឹកទៅដល់មាតា បិតា និងអាណាព្យាបាលសិស្ស ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការជម្រុញកូនចៅរបស់ខ្លួន ឲ្យចូលរៀនតាមការកំណត់នៅថ្ងៃទី២០ខែកញ្ញានេះឲ្យបានគ្រប់ៗគ្នា។ជាពិសេសក៏ត្រូវផ្តោតការអប់រំណែនាំដល់កូនចៅខ្លួន ត្រូវចេះរក្សានូវសុខភាព-សុវត្ថិភាពខ្លួនផ្ទាល់ ដោយត្រូវប្រកាន់ខ្ជាប់ នូវ វិធានសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ៣.ការពារ និង ៣.កុំ ក្នុងពេលមកសាលានិងកំពុងរៀនក្នុងថ្នាក់ ឬពេលចេញលេង។      

      ដោយឡែកចំពោះសិស្សថ្នាក់ទី១២ម្នាក់ដែលត្រូវចូលរៀននៅពេលខាងមុខ ក៏បានលើកឡើងពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនផងដែថា៖ 

     សូមបញ្ជាក់ថា៖ ក្រោយពីមានកិច្ចប្រជុំនិងការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ទៅដល់អាជ្ញាធរនៃរដ្ឋបាលក្រុង-ស្រុក នាយកសាលានិងនៅតាមគ្រឹះស្ថានសិក្សានានាក្នុងខេត្តដែលត្រូវបើកសាលាឲ្យសិស្សចូលរៀនឡើងវិញនេះ តាមសាលានីមួយៗកំពុងតែធ្វើការសម្អាតបរិវេណទីធ្លាក្នុងសាលានិងតាមថ្នាក់រៀនរបស់ខ្លួនពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស របស់ខ្លួន យ៉ាងមមាញឹក និងទោះបីនៅមានការកើនឡើងនូវអត្រាឆ្លងជំងឺកូវីដ-19ក្នុងសហគមន៍របស់ខេត្តបាត់ដំបង។ប៉ុន្តែក៏វាមិនបណ្ដាលឲ្យប៉ះពាល់ដល់គម្រោងបើកឲ្យដំណើរការសាលារៀនឡើងវិញ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះនោះទេ ហើយការបើកសាលារៀនគ្រោងធ្វើឡើងជាបន្តបន្ថែមទៀតផងដែរ នៅថ្ងៃខាងមុខ។

       លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង ក៏បានថ្លែងឲ្យដឹងថា៖ យោងតាមការពិនិត្យអាទិភាពនៅតំបន់សុវត្ថិភាព ដែលមិនមានបញ្ហាប្រឈម និងតំបន់ដែលមានហានិភ័យទាប អំពីការឆ្លងរាតត្បាតពីកូវីដ-19 ដែលផ្តល់ដោយរដ្ឋបាលក្រុង-ស្រុក គឺ៖មានសាលាសរុបចំនួន ៦៩៣សាលា ស្មើជាង៧៨% ដែលនឹងត្រូវបើកដំណើរការជាជំហានដំបូង។ ក្នុងនោះ វិទ្យាល័យចំនួន២២សាលាក្នុងចំណោមវិទ្យាល័សរុបទាំង៣១ទីតាំង ស្មើជាង៧៥%។និងកម្រិតបឋមមានចំនួន ៥៩០សាលា គឺស្មើជាង ៨៨% ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner