លោក ចូ បៃដិន ៖ សហរដ្ឋអាមេរិកនឹងបង្កើតសម្ព័ន្ធភាពសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីជាមួយអង់គ្លេស និងអូស្ត្រាលី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប្រកាសថា សហរដ្ឋអាមេរិកនឹងបង្កើតសម្ព័ន្ធភាពសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីជាមួយអង់គ្លេស និងអូស្ត្រាលី ដែលនឹងអនុញ្ញាតឱ្យមានការចែករំលែកសមត្ថភាពយោធាកាន់តែច្រើនឡើង រួមទាំងការជួយផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
លោក ចូ បៃដិន នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និងនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន បានប្រកាសរួមគ្នាអំពីសម្ព័ន្ធភាពខាងលើនេះ ដែលមានឈ្មោះថា AUKUS នៅក្នុងសន្និសីទវីដេអូអនឡាញរួមគ្នាមួយ។ លោក បៃដិន និយាយថា សម្ព័ន្ធភាពថ្មីនេះឆ្លុះបញ្ចាំងពីនិន្នាការទូលំទូលាយនៃដៃគូអឺរ៉ុបដែលដើរតួនាទីនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយលោកបញ្ជាក់ថា យើងទាំងអស់គ្នាទទួលស្គាល់ពីភាពចាំបាច់នៃការធានាសន្តិភាព និងស្ថិរភាពនៅឥណ្ឌូ-ប៉ាស៊ីហ្វិករយៈពេលវែង។ យើងត្រូវមានលទ្ធភាពដោះស្រាយទាំងបរិយាកាសយុទ្ធសាស្ត្របច្ចុប្បន្ននៅក្នុងតំបន់ និងរបៀបដែលវាអាចវិវត្ត។
លោក ចនសុន បាននិយាយដែរថា សម្ព័ន្ធភាពនេះនឹងអនុញ្ញាតឱ្យបណ្តាប្រទេសលទ្ធិប្រជាធិបតេយ្យនិយាយភាសាអង់គ្លេសទាំងបី អាចពង្រឹងចំណងទាក់ទង និងពង្រឹងការផ្តោតសំខាន់លើផ្នែកដែលកាន់តែស្មុគស្មាញឡើងនៃពិភពលោក។ បើតាមសារព័ត៌មាន ABC របស់អូស្រ្តាលី កិច្ចព្រមព្រៀងសន្តិសុខ៣ប្រទេសថ្មីមួយនេះ នឹងត្រូវបានគេស្គាល់ថា ជា AUKUS នោះ ទំនងជាចិនមើលឃើញថា ជាការប៉ុនប៉ងទប់ទល់នឹងឥទ្ធិពលក្នុងតំបន់របស់ខ្លួន ជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ៕ ប្រភព៖ Reuters និង CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner