អាល្លឺម៉ង់៖ ចិនបដិសេធមិនឱ្យនាវាចម្បាំងអាល្លឺម៉ង់ចូលសំចត

ចិន​បដិសេធ​មិន​ឱ្យ​នាវា​ចម្បាំង​អាល្លឺម៉ង់ Bayern ដែល​ជា​នាវា​សម្រាប់​បាញ់​ប្រហារ​នាវា​ជ្រមុជ​ទឹក​ ចូល​សំចត​នៅ​ក្នុង​កំពង់​ផែ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ពុធ។

នាវា​អាល្លឺម៉ង់​បាន​ហែល​ចេញ​ពី​ដែនដី​អាល្លឺម៉ង់​កាល​ពី​ខែ​មុន ក្នុង​បេសកកម្ម​រយៈពេល ៦ខែ​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង។ ខណៈ​ចិន​ធ្វើ​ការ​ទាមទារ​ថា ផ្ទៃ​សមុទ្រ​ចិន​ខាង​ត្បូង​ប្រមាណ ៩០% ជា​ដែន​ទឹក​របស់​ខ្លួន រដ្ឋធានី​ប៊ែរឡាំង​បាន​ធ្វើ​ការ​សង្កត់​ធ្ងន់​ថា ខ្លួន​មិន​ទទួល​ស្គាល់​ការ​ទាមទារ​នេះ​ទេ។

ទោះ​បី​ជា​អាល្លឺម៉ង់​មិន​ទទួល​ស្គាល់​ក្ដី កន្លង​ទៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់​អ្នកស្រី Annegret Kramp-Karrenbauer បាន​លើកឡើង​ថា បេសកកម្ម​នាវាចរណ៍​របស់​អាល្លឺម៉ង់​មួយ​នេះ​មិន​សំដៅ​លើ​ការ​គំរាម​កំហែង​ប្រទេស​ណា​នោះ​ទេ ហើយ​ការ​ដែល​ចង់​ឈប់​សំចត​នៅ​ស្រុក​ចិន ក៏​ព្រោះ​តែ​ខ្លួន​មាន​បំណង «រក្សា​នូវ​កិច្ច​សន្ទនា» រវាង​សម្ព័ន្ធមិត្ត​ និង​ចិន​តែ​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ និង​ក្រសួង​ការពារ​ជាតិ​ចិន មិន​ទាន់​ធ្វើការ​ឆ្លើយតប​ភ្លាមៗ​នោះ​ទេ ទៅ​នឹង​ការ​លើកឡើង​របស់​ក្រសួង​ការបរទេស​អាល្លឺម៉ង់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner