ប្រមុខការទូតអាមេរិកហៅបារាំងជាដៃគូសំខាន់ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក អាន់តូ​នី ប្លីងគែន ​បាន​ហៅ​បារាំង​ជា​ដៃគូ​សំខាន់​នៅក្នុង​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​ ខណៈការ​​អត្ថាធិប្បាយនេះទំនងជា​ចង់​រំងាប់​កំហឹង​របស់​បារាំង ក្រោយ​អាមេរិក អូស្ត្រាលី ​និង​អង់គ្លេស​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ដើម្បី​ផ្គត់ផ្គង់​នាវាមុជទឹក​ដល់​អូស្ត្រាលី​។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយកិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​និង​ការពារ​ជាតិ​អាមេរិក ​និង​អូស្ត្រាលី​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ លោក ​ប្លីងគែន ​បានបញ្ជាក់​ថា ​ទីក្រុង​វ៉ាស៊ីនតោន​ចង់​​ស្វែងរក​គ្រប់​ឱកាស ​ដើម្បី​ធ្វើឱ្យ​កិច្ចសហប្រតិ បត្តិការ​ឆ្លង​សមុទ្រ​អា​ត្លង់​ទិក​នៅ​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​កាន់តែ​ស៊ីជម្រៅ ​ហើយ​ថា បារាំង​នៅតែ​មាន​សារៈសំខាន់​ក្នុងការ​ធ្វើ​កិច្ចការ​នោះ​។​ ប្រមុខការទូតអាមេរិករូបនេះបន្តថា យើង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បារាំង​លើ​អាទិភាព​រួម​ជា​ច្រើន​នៅក្នុង​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក ​ប៉ុន្តែ​ក៏​នៅ​ជុំវិញ​ពិភពលោក​ផងដែរ​…យើង​នឹង​បន្ត​ធ្វើ​ដូច្នេះ…​យើង​ឱ្យ​តម្លៃ​​ជា​មូលដ្ឋាន​លើ​ទំនាក់ទំនង​លើ​ភាពជា​ដៃគូ​នោះ​​។​ ​លោក​បន្ថែមថា មន្ត្រី​អាមេរិកក៏​បាន​ទាក់ទង​ជាមួយ​សម​ភាគី​បារាំង​ក្នុង​រយៈពេល២៤-៤៨​ម៉ោង​ចុងក្រោយ​ដើម្បី​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​នេះ​ រួម​ទាំង​មុន​ពេល​ប្រកាស​ភាពជា​ដៃគូ​​ត្រីភាគីផងដែរ​។​

គួរកត់សម្គាល់ ប្រទេស​ទាំង​បី​បាន​និយាយ​នៅ​ថ្ងៃ​ពុធសប្តាហ៍នេះ​ថា ​ពួកគេ​នឹង​បង្កើត​ភាព​ជា​ដៃគូ​សន្តិសុខសម្រាប់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​នឹង​ជួយ​អូស្ត្រាលី​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​របស់​អាមេរិក និង​អាច​ឃើញ​អូស្ត្រាលី​លុបចោល​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​ផលិត​នៅ​បារាំង​។ ​​បារាំង​បាន​បញ្ចេញ​ប្រតិកម្ម​ទាំង​កំហឹង​ចំពោះ​ការបាត់បង់​កិច្ចព្រមព្រៀង​លក់​មួយ​នេះ ដោយ​ហៅ​វា​ថា ​ជា “​ការចាក់​ពីក្រោយ​ខ្នង​”៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner