សម្តេចតេជោ ហ៊ុន សែន លើកឡើង៥ចំណុច ទៅលើបញ្ហាយុទ្ធនាការវ៉ាក់សាំងជូនកុមារ និងដុសជំរុញ សម្រាប់ប្រជាពលរដ្ឋទូទៅ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ នាវិមានសន្តិភាព សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងចំនួន ៥ចំណុច ពាក់ព័ន្ធនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូន កុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ និងដុសជំរុញ សម្រាប់ ប្រជាពលរដ្ឋទូទៅ ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បាននិយាយទៅលើបញ្ហាយុទ្ធនាការវ៉ាក់សាំងជូនកុមារ និងដុសជំរុញ សម្រាប់ ប្រជាពលរដ្ឋទូទៅ៖ ទី១-ថ្ងៃនេះយើងបើកយុទ្ធនាការរបស់យើង ដែលអ្វីដែលសម្តេចបានបញ្ជាក់ខ្លះៗរួចមកហើយ ។ សម្ដេចបាននិយាយពីខេត្តព្រះសីហនុ ដែលគេមានបទពិសោធន៍ចាក់លើកមុន គេចាក់តែ៧ថ្ងៃទេ បន្ទាប់ទៅគេរងចាំ ដូសទី២ ប៉ុន្តែយើងក៏ត្រូវតែប្រយ័ត្នដែរ លោកជំទាវ ឱ វណ្ណឌីន ធ្វើជំនួយស្មារតីមកឱ្យខ្ញុំ ប៉ុន្តែក្រសួងសុខាភិបាល ត្រូវតែ ប្រយ័ត្នប្រយែង ក្មេងខ្លះខ្លាចម្ជុល ដូច្នេះយើងត្រូវប្រយ័ត្នកន្លែងហ្នឹង ហើយព្រឹកនេះ សម្ដេចបានទៅពង្រឹងស្មារតីចៅ របស់សម្ដេចដែលសម្ដេចអង្គុយក្បែរហ្នឹង។ សម្ដេចថា មានចៅមួយនោះ ក្លាហានជាងគេបន្តិច ទៅចាក់មុនគេ សម្ដេច ថា ពិតហើយសម្ដេចបានស្ដាប់កាលពីយប់មិញ ដោយឃើញមន្ត្រីសង្គមស៊ីវិល អ្នកនៅអូស្ត្រាលីនោះ បានបង្ហាញពី កង្វល់, អ្នកនៅក្នុងស្រុករបស់យើង ក៏បង្ហាញពីការកង្វល់ ប៉ុន្តែបញ្ហាស្លាប់ក្មេង គឺជាកង្វល់ធំនៅពេលដែលកូនក្មេងស្លាប់ អញ្ចឹងអ្វីទៅដែលហៅថាទំពាំងស្នងឬស្សីនោះ។

សម្ដេចតេជោ បានបញ្ជាក់ថា ចំនួនក្មេងដែលយើងត្រូវចាក់នៅក្នុងយុទ្ធនាការនេះមាន ១លាន៨៣ម៉ឺន២៣៨២នាក់ ឬ ប្រើលេខមួយ គឺស្មើនឹង ១លាន៩សែននាក់ ហើយការចាក់នេះ ក៏ចាក់លើគោលការណ៍ស្ម័គ្រចិត្ត ព្រោះជួនកាលក្មេងៗ សុខភាពគ្នាមិនគ្រប់គ្រាន់ ដោយសម្ដេចថា សម្ដេចនៅសល់ចៅ ៣នាក់ដែលមិនទាន់អនុញ្ញាត រាប់ទាំងគ្រូពេទ្យផងមិន ទាន់អនុញ្ញាតឲ្យចាក់ ។ សម្ដេចថា អញ្ចឹងត្រូវលើគោលការណ៍ស្ម័គ្រចិត្ត ឪពុកម្ដាយគេ ត្រូវមានការយល់ព្រម អញ្ចឹងទេ មានភាពសាំញ៉ាំបន្តិច ត្រូវឱ្យឪពុកម្ដាយគេស្ម័គ្រចិត្ត ។

សម្ដេចបានបន្ថែមទៀតថា ប៉ុន្មានថ្ងៃនេះ មានការចូលមកក្នុងហ្វេសប៊ុករបស់សម្ដេចថា សម្ដេចបើមានចាក់ត្រឹម ៥ឆ្នាំ កាន់តែល្អ ក្នុងនោះចៅស្រីណាណាក៏ចាក់នឹងគេដែរ ព្រោះវ៉ាក់សាំង នឹងក្លាយទៅជាធម្មតា ហើយបន្តិចទៀតវ៉ាក់សាំង កូវីដ-១៩នេះ នឹងក្លាយទៅជាវ៉ាក់សាំងទី១៣ សម្រាប់ក្មេង ដែលមានការចាក់វ៉ាក់សាំងចំនួន១២ តែវានឹងក្លាយទៅ ជាវ៉ាក់សាំងកាតព្វកិច្ច សម្រាប់មនុស្សតែម្ដង ហើយចាំមើលនៅលើពិភពលោកយ៉ាងម៉េច នៅពេលដែលសម្តេចនិយាយ ពីវ៉ាក់សាំងកាតព្វកិច្ច ដែលយើងធ្វើច្បាប់ ។ សម្ដេចថា អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា គេស្នើឲ្យសម្ដេច លុបអនុក្រឹត្យ នោះចោល អនុក្រឹត្យអំពីវ៉ាក់សាំងកាតព្វកិច្ច ឥឡូវសូមទៅស្នើប្រធានាធិបតីបារាំង ឲ្យលុបចោលច្បាប់វ៉ាក់សាំងកាតព្វ កិច្ច នៅប្រទេសបារាំង ដោយឥឡូវបញ្ឈប់គ្រូពេទ្យប្រមាណ ៣ពាន់នាក់ មិនឲ្យប្រាក់ខែ ព្រោះគ្រូពេទ្យមិនព្រមចាក់ វ៉ាក់សាំងខ្លួនឯង អញ្ចឹងគេមិនឱ្យចូលធ្វើការ គេមិនបើកប្រាក់ខែឱ្យ ។ នៅសហរដ្ឋអាមេរិក មន្ត្រីសហព័ន្ធទាំងអស់ ត្រូវ តែចាក់ ។

សម្ដេច ព្យាករណ៍ឃើញថា សភាពការណ៍វាទៅអញ្ចឹង ហើយថ្ងៃខាងមុខ ច្បាស់ណាស់អ្នកដែលមិនព្រម ទទួលវ៉ាក់សាំង ដោយពេទ្យថាចាក់បាន តែខ្លួនមិនចាក់ ថ្ងៃក្រោយប្រហែលជាស្ថិតនៅក្នុងស្ថានភាពឯកោ ដែលគេមិន ហ៊ានទៅជិត រហូតដល់ផ្ទះរបស់ខ្លួន ត្រូវគេបិទទៅទៀត ដោយសារតែផ្ទះគ្រប់គ្នា គេមានវ៉ាក់សាំងការពារ ដល់តែផ្ទះខ្លួន ឯងអត់មានវ៉ាក់សាំង គឺគេបិទផ្ទះអ្នកឯង លុកដោននៅក្នុងតំបន់ប៉ុន្មាននាក់ហ្នឹង ហើយចូលធ្វើការជាមួយគេ គេមិនឱ្យ ចូល ដែលនេះគ្រាន់តែជាការទស្សន៍ទាយរបស់សម្ដេច ។ សម្ដេចថា ឥឡូវគេប្រុងបង្កើតលិខិតឆ្លងដែនវ៉ាក់សាំងទៅ ទៀត បើគ្មានចាក់វ៉ាក់សាំង គេមិនឱ្យចូលប្រទេសគេទេ ហើយយើងអាចនឹងបើកទទួលទេសចរណ៍វ៉ាក់សាំង នៅពេល ខាងមុខផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា តាមតួលេខជំរឿនយើងមានពី ១៨ឆ្នាំឡើង និងបូកក្រុមដែលមានអាយុពី ១២ឆ្នាំ ចំនួន ១២លាន ៧សែននាក់ ដែលមានមនុស្សបន្ថែមដែលយើងបានចាក់នេះឡើងដល់ ១៤លាន ៦សែននាក់ អញ្ចឹង អត្រាគ្របដណ្ដប់របស់យើងឡើងដល់ ៩៦ ភាគរយ នៃប្រជាជន ១៦លាននាក់ ដែលនេះជាចំនួនច្រើនអាចប្រៀបធៀប ទៅនឹងប្រទេសដែលមានចំនួនប្រជាជនច្រើនដែរ ហើយត្រូវចាត់ទុកថា នេះមិនមែនជាការរត់ប្រណាំងវ៉ាក់សាំងនោះទេ តែកម្ពុជា ក៏មានសិទ្ធិការពារពលរដ្ឋរបស់ខ្លួន ហើយមានកាតព្វកិច្ចដើម្បីធ្វើឲ្យសង្គមសេដ្ឋកិច្ច ត្រូវបានស្ដារឡើងវិញ និង រាប់ទាំងវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពរបស់យើង ។

សម្ដេចបានបង្ហាញក្ដីសង្ឃឹមយ៉ាងខ្លាំងថា វ៉ាក់សាំងរបស់យើង នឹងធ្វើដំណើរទៅដោយរលូនដោយឆ្លងកាត់តាមបទ ពិសោធន៍ដែលយើងមានរួចមក ហើយសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដុសទី៣ ឬដុសជំរុញ សម្រាប់ប្រជាពលរដ្ឋ ទូទៅចាប់ពីខែតុលាទៅ គឺខែក្រោយនេះហើយ ប៉ុន្តែត្រូវមានដំណាក់របស់វា ភ្នំពេញ និងកណ្ដាល ចាប់ផ្ដើមមុនគេ បន្ទាប់មកបានទៅតាមខេត្តនានា ព្រោះត្រូវគិតក្នុងចន្លោះ ៤ ទៅ ៦ខែ ។

សម្ដេចបន្តទៀតថា យោងទៅលើអ្វី ដែលបាន ធ្វើមិនមែនគ្រាន់តែប្រទេសយើងនោះទេ ដែលបានចាក់វ៉ាក់សាំង សម្រាប់ប្រទេសមួយចំនួនផ្សេងទៀត ក៏បានធ្វើហើយ នៅចិន គុយបា អេមីរ៉ាតអារ៉ាប់រួម ពេរូ អ៊ែលសាវ៉ាដឺ អាឡឺម៉ង់ បារ៉ែន អាមេរិក និងអ៊ីស្រាអែល កំពុងរៀបចំសិក្សាចាក់ ជូនកុមារ អញ្ចឹងយើងពិនិត្យមើលអេមីរ៉ាតអារ៉ាប់រួមនេះ ជាប្រទេសដែលមានការជឿនលឿនមួយ ដែលគេចាក់ហើយ ឈីលី ទើបនឹងអនុម័តយកវ៉ាក់សាំង ស៊ីណូវ៉ាក់ ទៅចាក់ដូចគ្នា អញ្ចឹងយើងត្រូវបោះជំហានទៅមុន ការពារកុមាររបស់ យើង ការពារកូនចៅយើង ឱ្យពួកគេរស់រៀនមានជីវិត ឲ្យពួកគេទទួលបានការថែទាំសុខភាពពីសណាក់យើងជាមនុស្ស ចាស់ឲ្យពួកគេបានចូលសាលាដោយមានសុវត្ថិភាពទាំងគ្រូទាំងសិស្សនៅបឋមសិក្សា បើយើងមិនអាចបើកបឋមសិក្សា បានទេ គឺ

ការបើកអនុវិទ្យាល័យ ឬវិទ្យាល័យ មិនអាចដើរទាន់សភាពការណ៍នោះទេ គឺដាច់ឫសតែម្ដង ហើយឥឡូវបើ យើងពិនិត្យមើលទៅលើជនបទវិញ ទាក់ទងនឹងការបើកសាលារៀនដែលយើងបើកនេះ គឺជាថ្ងៃទី៣ ហើយចំនួនសាលា រៀនដែលបានបញ្ជូនមក ឯកឧត្តម ហង់ ជួនណារ៉ុន នៅក្នុងការរៀបចំនេះ យើងបើកសាលាសរុប ២៦៤១សាលា ក្នុងនោះកម្រិតមត្តេយ្យ ១៥៣ កម្រិតបឋម១៥០០ កម្រិតអនុវិទ្យាល័យ ៧១៦ វិទ្យាល័យ ៧៧២ ហើយដំណើរការ របស់យើង ដែលសម្ដេចសូមរំលឹកអភិក្រមបើកសាលារៀនឡើងវិញជូនដល់ស្ថាប័ន ក៏ដូចជាអាជ្ញាធររាជធានី-ខេត្ត

ទី១-នៅជនបទដែលគ្មានហានិភ័យ ឬមានហានិភ័យទាប គ្រឹះស្ថានសិក្សាគ្រប់កម្រិត អាចបើកដំណើរការបាន ដោយ អនុវត្តរៀនតាមបណ្ដុំ មិនលើស ១៥នាក់ ដោយគោរពតាមស្តង់ដារប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា នឹង គោលការណ៍របស់ក្រសួងសុខាភិបាល,

ទី២-នៅតំបន់ដែលមានហានិភ័យមធ្យម ត្រូវផ្ដល់អាទិភាពដល់សិស្សថ្នាក់ទី៩ និងទី១២ ព្រោះទី៩ និងទី១២ ត្រូវប្រឡងឌីប្លូម និងបាក់ឌុប ហើយពេលវេលាប្រលងនៅពេលណានោះ ឯ,ឧ ហង់ ជួនណារ៉ុន ត្រូវសិក្សាម្ដងទៀត,

ទី៣- នៅតាមតំបន់មានហានិភ័យខ្ពស់ ត្រូវបន្តរៀនតាមអនឡាញ,

ទី៤-បង្កើតគណៈ កម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា មាតាបិតា និងតំណាងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយគាំទ្រដល់សាលារៀន និងសម្រេចក្នុងការផ្អាកដំណើរការសាលារៀន ប្រសិនបើមានករណីសង្ស័យ,

ទី៥-បន្ត ត្រួតពិនិត្យតាមដានអ្នកជំងឺថ្មី និងប្រភពនៃការឆ្លង ដើម្បីជៀសវាងការឆ្លងចូលទៅក្នុងសាលារៀន សុំឲ្យអាជ្ញាធរខេត្ត-រាជធានី បន្តការប្រុងប្រយ័ត្ន ដោយត្រូវវាយតម្លៃជាប្រចាំ នូវស្ថានភាពនៃវិវត្តន៍ និងការរីករាលដាលនៃជំងឺកូវីដ19 នៅ តាមមូលដ្ឋាន រួមទាំងការធ្វើតេស្តរហ័ស នៅពេលដែលមានករណីសង្ស័យ ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ទាន់ពេលវេលា ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner