ក្រុមវិសាខា ទទួលភ្ញៀវក្រុមបឹងកេត ខណៈព្រះខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន នៅជើងទី២ លីគកំពូលកម្ពុជា នាល្ងាចថ្ងៃទី១៨-១៩ ខែកញ្ញានេះ
ក្រុមវិសាខា ទទួលភ្ញៀវក្រុមបឹងកេត នៅជើងទី២ លីគកំពូលកម្ពុជា សប្តាហ៍ទី១៤ ចំនួន៥ប្រកួតល្ងាចថ្ងៃទី១៨ ខែកញ្ញានេះ បន្ទាប់ពីបញ្ចប់ការប្រកួតជើងទី១ ជាស្ថាពរ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខណៈ១ប្រកួតទៀតបានពន្យារពេល ដោយសារករណីសង្ស័យជំងឺកូវីដ-១៩ ។
![](https://asset.ams.com.kh/central/media/241257986_3005932642958424_869075775275858262_n-907x1024.jpg)
៥ប្រកួតជើងទី២នេះ ៣ប្រកួតនាថ្ងៃសៅរ៍ស្អែកនេះ រួមមាន៖ ក្រុមកំពូលតារាងវិសាខា ប៉ះជាមួយក្រុមការពារដំណែងជើងឯកឆ្នាំចាស់ បឹងកេត, ណាហ្គាវើលដ៍ ប៉ះ អង្គរថាយហ្គឺរ និងព្រះខ័នរាជស្វាយរៀង ជួបជាមួយ ភ្នំពេញក្រោន ។ រីឯ២ប្រកួត នាល្ងាចថ្ងៃទិត្យ រួមមាន៖ អាស៊ីអឺរ៉ុបយូណាយធីត ប៉ះជាមួយ ខេត្តព្រៃវែង ខណៈក្រុមទ័ព ត្រូវជួបប្រជែងពិន្ទុជាមួយក្រុមគិរីវង់សុខសែនជ័យ ។ ដោយឡែក១ប្រកួតទៀត ដែលលើកពេល គឺជាជំនួបរវាងក្រុមអគ្គិសនីកម្ពុជាប៉ះជាមួយ ក្រុមសូលទីឡូអង្គរ ដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) អះអាងថា កាលពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១ ពេលក្លិបសូលទីឡូអង្គរធ្វើតេស្តនោះ បានរកឃើញ មន្រ្តី២រូប វិជ្ជមានជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះសំណាករបស់មន្រ្តីខាងលើនេះ ត្រូវបានបន្តយកទៅធ្វើតេស្ត PCR ។ ដូច្នេះមន្ត្រី និងកីឡាករដ៏ទៃទៀតដែល (អវិជ្ជមាន) និងការប្រកួតថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ត្រូវរង់ចាំលទ្ធផលវិភាគបញ្ជាក់របស់មន្រ្តីពីរនាក់ខាងលើសិន ។
សូមបញ្ជាក់ថា ដោយសារវិបត្តិជំងឺកូវីដ-១៩ ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ នៅជើងទី១ត្រូវបានពន្យារពេល២លើក និងការប្រកួតជាច្រើនទៀតត្រូវបានលើកពេលជាបន្តបន្ទាប់ ដោយធ្វើឲ្យពេលវេលានៃការប្រកួតជើងទី២កាន់តែខ្លី។ ដូច្នេះហើយ CNCC បានរៀបចំបែងចែកសមាជិកទាំង១៣ក្រុម ជាពីរក្រុមធំៗ ដោយ៨ក្រុមខាងលើតារាងត្រូវប្រកួតប្រជែងជើងឯក ខណៈ៥ក្រុមខាងក្រោមត្រូវប្រកួតជម្រុះគេចចេញពីក្រុមបាតតារាង (១ក្រុម) ដែលត្រូវកាត់ចោលទម្លាក់ទៅលីគលំដាប់ទី២ ៕
![](https://asset.ams.com.kh/central/media/241370565_3005139933037695_7741580922403235922_n-1024x1005.jpg)