លោក ចូ បៃដិន រំពឹងថា ផែនការចំណាយដ៏ធំសម្បើម នឹងអាចកំណត់ឡើងវិញនូវផ្លូវដើររបស់សហរដ្ឋអាមេរិក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្តែងទំនុកចិត្តថា សភាអាមេរិកនឹងអនុម័តផែនការចំណាយ ដើម្បីជួយដល់ប្រជាជនអាមេរិកមានវណ្ណៈកណ្តាល (មានប្រាក់ចំណូលមធ្យម) ដែលផែនការនេះអាចនឹងកំណត់ឡើងវិញ នូវផ្លូវដើររបស់សហរដ្ឋអាមេរិក។
ផែនការចំណាយរបស់លោក ចូ បៃដិន ខាងលើនេះ ផ្ដោតសំខាន់លើសេវាសង្គម ការអប់រំ ការថែទាំកុមារ និងការប្រែប្រួលអាការធាតុ។ បន្ថែមលើនេះ លោក បៃដិន ក៏បានជំរុញឱ្យមានការដំឡើងពន្ធលើក្រុមហ៊ុនអាមេរិក និងមហាសេដ្ឋីអាមេរិកផងដែរ។ នៅក្នុងសុន្ទរកថានៅឯសេតវិមាន លោក ចូ បៃដិន បានគូសបញ្ជាក់ថា វាកន្លងហួសយូរពេកហើយ… ខ្ញុំមិនមែនមកដាក់ពិន័យនរណាម្នាក់នោះទេ… ខ្ញុំជាអ្នកមូលធននិយម… អ្វីដែលខ្ញុំកំពុងស្នើសុំ គឺការចំណាយតាមការចែករំលែកដ៏សមរម្យរបស់អ្នក… នេះគឺជាអ្វីដែលអ្នកមានកប់ពពកទាំងឡាយត្រូវតែសង ចំពោះអ្វីដែលពួកគេជំពាក់ជាចុងក្រោយ។
ប្រធានាធិបតីអាមេរិករូបនេះ ថែមទាំងបានលើកឡើងពីភាពចាំបាច់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចអាមេរិកឡើងវិញពីវិបត្តិកូវីដ១៩។ កញ្ចប់ថវិកា៣.៥ទ្រីលានដុល្លារ នៃផែនការចំណាយសម្រាប់ជួយដល់ប្រជាជនអាមេរិកមានប្រាក់ចំណូលមធ្យម នឹងជួយត្រួសត្រាយផ្លូវ ឬកំណត់ឡើងវិញពីផ្លូវដើររបស់អាមេរិក ក្នុងរយៈពេលជាច្រើនឆ្នាំ ឬរាប់ទសវត្សរទៅមុខទៀត៕ ប្រភព៖ CNA