នៅថ្ងៃទី១ នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ មានកុមារជាច្រើន ក្លាហាន មកចាក់ ព្រោះចង់ចូលរៀននៅពេលខាងមុខ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ។ ក្នុងយុទ្ធនាការនេះ គេបានឃើញនៅតាមបណ្ដា មណ្ឌលសុខភាពទាំង០៨ នៅរាជធានីភ្នំពេញ មានអាណាព្យាបាល ឪពុកម្ដាយរបស់កុមារបាននាំកូន ចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងយ៉ាងច្រើនកុះករ ជាមួយនឹងភាពក្លាហានរបស់កុមារដើម្បីឆាប់បានចូលរៀនសូត្រ។

ក្នុងព្រឹត្តិការណ៍នេះគេក៏បានឃើញអភិបាលនៃគណៈអភិបាលខណ្ឌនីមួយៗ បានចុះទៅសម្របសម្រួលនៅតាមទីតាំងនៃការចាក់វ៉ាក់សាំងទាំងនោះផងដែរ ដើម្បីឲ្យដំណើរការនៃការលក់ការចាក់វ៉ាក់សាំងនេះដំណើរការទៅដោយរលូននិងទទួលបាននូវភាពជោគជ័យ។ក្នុងនោះគេបានឃើញ អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានចុះទៅសម្របសម្រួលនិងពិនិត្យស្ថានភាពជាក់ស្តែងនៅមណ្ឌលសុខភាពច្បារអំពៅ លោកឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានចុះទៅមណ្ឌលសុខភាពសម្ដេចឪនិងសម្ដេចម៉ែនៅគីឡូម៉ែត្រលេខ០៦ ។

លោកឯក ឃុនដឿន បានបញ្ជាក់ថា នៅខណ្ឌឬស្សីកែវមានទីតាំង២កន្លែងសម្រាប់ចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ក្នុងនោះមានមណ្ឌលសុខភាពសម្ដេចឪនិងសម្ដេចម៉ែ និងមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ ហើយបើស្ថិតិកុមារដែលត្រូវទទួលការចាក់វ៉ាក់សាំងមានចំនួនជាង១៨០០០នាក់ ។ ក្នុងនោះលោកស្រី សៀវ លីជូ ដែលបានយកកូនៗ២នាក់ អាយុ ៦ឆ្នាំ និង៨ឆ្នាំ មកទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ បានបង្ហាញទឹកមុខរីករាយ ក្រោយកូនៗទាំងពីរបាន ទទួលវ៉ាក់សាំងហើយ ។

លោកស្រីថែមទាំងអោយដឹងថា សម្លេង ជាមួយគ្នានោះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាន
មានប្រសាសន៍ថា ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះ គឺជាថ្ងៃនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ សម្រាប់ខណ្ឌច្បារអំពៅ មានកុមារយ៉ាងច្រើនមកទទួលការចាក់វ៉ាក់សាំង ដោយភាពក្លាហាន ព្រោះពួកគេចង់បានចូលរៀនឆាប់ៗ ។លោកអភិបាលបន្តថាចំពោះកុមារដែលត្រូវមកចាក់វ៉ាក់សាំងនៅខណ្ឌច្បារអំពៅ មានចំនួនជាង១៧៩៧៣នាក់ ។

ចំណែកលោកថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ខណៈចុះពិនិត្យនិងសម្របសម្រួលនៅទីតាំងចាក់សាំងមណ្ឌលសុខភាពផ្សារដើមថ្កូវ ឯណោះវិញ បានបញ្ជាក់ឲ្យដឹងដែរថា ការចាក់វ៉ាក់សាំងជូនកុមារ ពីអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចតែងតែបានគិតគូរពីសុខភាពប្រជាពលរដ្ឋ ។

លោកបញ្ជាក់ថា ការចុះមកទីតាំងខាងលើនេះ គឺដើម្បីសម្រួលឲ្យការចាក់វ៉ាក់សាំងដំណើរការទៅដោយរលូននៅតាមទីតាំងមួយៗលោកក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតាកុមារ សូមនាំកូន ចៅមកចាក់វ៉ាក់សាំង ទៅតាមការអញ្ជើញរបស់អាជ្ញាធរអោយបានគ្រប់គ្នា ។ លោកបញ្ជាក់ថា បើតាមស្ថិតិកុមារដែលត្រូវទទួលការចាក់វ៉ាក់សាំងនៅក្នុងខណ្ឌចំការមនមានចំនួន៤៨៥០នាក់ ។

លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលខណៈចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនេះដែរ បានលើកឡើងថា
បងប្អូនប្រជាពលរដ្ឋ ដែលជាមាតា បិតា អាណាព្យាបាលកុមារដែលត្រូវចាក់វ៉ាក់សាំង ពួកគាត់ ពិតជាមានសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង ចាក់ជូនកូន ចៅពួកគាត់ ដេីម្បីការពារសុខមាលភាពកុមារ បង្កេីតភាស៊ាំ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដេីម្បីមានលទ្ធភាពបេីកសាលារៀនឡេីងវិញ នាពេលឆាប់ខាងមុខ ។

គួរបញ្ជាក់ផងដែរថា ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុ ចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់ដូសទី១ គឺត្រូវចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញានេះ ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងចំនួន ៤២ ទីតាំង ។ នៅថ្ងៃដំបូងនេះដែរសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំង ដល់កុមារអាយុ៦ដល់ក្រោម១២ មានមាតាបិតា និងអាណាព្យាបាល ជាច្រើនរូប រួតរះនាំកូនៗរបស់ពួកគេ មកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តយ៉ាងច្រើន ដោយពុំមានក្តីបារម្ភ ពាក់ព័ន្ធនឹងប្រតិកម្មវ៉ាក់សាំងអ្វីឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner