ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម!

អត្ថបទដោយ៖
ធី ដា

សៀមរាប ៖ យោងតាមការបង្ហោះសារក្នុង(ផេក) របស់អភិបាលខេត្តសៀមរាប បានឲ្យដឹងពីមូលហេតុនៃការរីករាលដាលជម្ងឺកូវីដ-១៩ថា គឺមកពីខ្វះការចូលរួមពីមជ្ឈដ្ឋានមួយចំនួនតូចនៃប្រជាពលរដ្ឋ វាគឺជាចំណែកមួយដ៏ធំនៃការឆ្លង ហើយសារនេះបានប្រាប់ឲ្យដឹងថា ក្រុងសៀមរាប នឹងត្រៀមដាក់ជាតំបន់ក្រហម ខណៈពេលដែលទីក្រុងមួយនេះ កំពុងស្ថិតនៅជាតំបន់លឿងទុំបណ្តោះអាសន្ន១សប្តាហ៍មិនទាន់បានបញ្ចប់នៅឡើយ ។

ការបង្ហោះសេចក្តីជូនដំណឹងនៅលើទំព័របណ្តាញសង្គម(ផេក) របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ចេញនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ ទន្ទឹមនឹងការប្រើប្រាស់វិធានការនានាមិនមានប្រសិទ្ធភាពនោះ។ សារនេះ ស្មើនឹងការជូនដំណឹងចុងក្រោយ មុននឹងត្រូវប្រើវិធានការដ៏តឹងរឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លង និងការចម្លងជម្ងឺកូវីដ-១៩នៅសៀមរាប ។

ខ្លឹមសារនៃការបង្ហោះផ្សាយនេះបានសរសេរថា ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហមក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសារខ្លួនបាននាំចម្លងបន្តទៅដល់អ្នកដទៃ។ សារដែលត្រូវបានបង្ហោះផ្សាយនេះ ក៏បានសុំការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុង ដែលតែងតែគាំទ្រនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ព្រមទាំងបានជូនពរដល់ពុកម៉ែ បងប្អូនទាំងអស់ ឲ្យរួចចាកផុតពីគ្រាដ៏លំបាកនេះ។ ការរស់នៅតាមបែបគន្លងថ្មី កាពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ( ៣កាពារ ៣កុំ )។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ អ្នកតាមដានផេករបស់ឯកឧត្តម ទៀ សីហា ក៏បានឃើញផងដែរ អំពីការអំពាវនាវជាមួយនិងការព្រមាន ជុំវិញការទប់ស្កាត់កូវីដ-១៩ ដែលសារនោះបានឲ្យចំណងជើងថា ( ទៅមុខមិនរួច )។ ខ្លឹមសារជាអាទិ៍នៃសារនោះបញ្ជាក់ថា នៅក្នុងគ្រាដ៏លំបាកនេះ នៅតែមានបងប្អូនមួយចំនួនធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន និងបំពានលើហានីភ័យកូវីដ-១៩ បើទោះជាអាជ្ញាធរខេត្ត ណែនាំ អង្វរ អំពាវនាវយ៉ាងណាក្តី នៅតែមិនចូលរួម។ អាជ្ញាធរខេត្តបានបង្ខំចិត្តឲ្យក្រុមការងារ ចាត់វិធានការ ផាកពីន័យ និងដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ ដូចជាការបិទអាជីវកម្មជាដើម ។

គួររំលឹកដែរថា កន្លងមកនេះ ចាប់ពីម៉ោង២៤រំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ រដ្ឋបាលខេត្ត បានកំណត់ដាក់ក្រុងសៀមរាបជាតំបន់លឿងទុំ ជាបណ្តោះអាសន្នរយៈពេល១សប្តាហ៍ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner