គណៈបញ្ជាការ ឯកភាពខេត្តស្រុកត្បូងឃ្មុំ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនកងកំលាំងទាំងបីប្រភេទ នៅតំបន់បិទខ្ទប់បណ្ដោះអាសន្ន
ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ រួមដំណោះរដោយ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញសួរសុខទុក្ខ និងនាំយកប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងការពារនៅតាមតំបន់បិទខ្ទប់បណ្ដោះអាសន្ន ស្ថិតនៅផ្សារសួង សង្កាត់សួង ក្រុងសួង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ។
បន្ទាប់មកឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបន្ដដំណើរទៅពិនិត្យទីទួលសុវត្ថិភាព ស្ថិតនៅឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ សំណង់អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ទំនប់បង្ហៀរទឹកព្រែកតាកុច និង ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំផងដែរ ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ប្រសាសន៍ ផ្ដាំផ្ញើឲ្យមន្ត្រីកងកម្លាំងទាំងបីប្រភេទ ដែលកំពុងឈរជើងការពារនៅតំបន់បិទខ្ទប់ និងកន្លែងគោលដៅនានា ព្រមទាំងប្រជាពលរដ្ឋត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល និង ៣ការពារ ៣កុំ របស់ រាជរដ្ឋាភិបាល ដើម្បីជៀសផុតពីការឆ្លង ការរីករាលដាល នៃ ជម្ងឺកូវីដ១៩ និង សុវត្ថិភាព នៃការរស់នៅ ៕