លោកជំទាវ ម៉ែន នារីសោភ័គ ជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ ជូនអង្គការចំនួន៣
ភ្នំពេញ ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខធិការរងទី១កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ បានទទួលជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ជូនអង្គការចំនួន៣ គឺ ទី១ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក ទី២. បុរីទារកនិងកុមារជាតិ និងទី៣ អង្គការលើកស្ទួយប្រជាពលរដ្ឋ។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះជនមានពិការភាព កុមារនិងបុគ្គលិកទាំងអស់ ជាពិសេសការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក ដែលបានយកអស់កម្លាំងកាយ-ចិត្ត បណ្តុះបណ្តាលជំនាញ មើលថែទាំ ចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។ ទន្ទឹមនឹងនេះ ក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលជំងឺកូវីដ-១៩ លោកជំទាវ បានផ្តាំផ្ញើដល់ ក្មួយៗលោកគ្រូ អ្នកគ្រូ-បុគ្គលិកទាំងអស់ក្នុងមជ្ឈមណ្ឌល បុរីទារក និងសមាជិកក្នុងអង្គការទាំងអស់ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ អនុវត្ត ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។
ជាកិច្ចឆ្លើយតប តំណាង មជ្ឈមណ្ឌលបណ្តាល បុរីទារក និងកុមារជាតិ និងអង្គការលើកស្ទួយប្រជាពលរដ្ឋ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែផ្តល់ក្តីមេត្តា ករុណា ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ក្មួយៗចៅៗកុមារទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ។ អំណោយផ្តល់ជូនអង្គការនីមួយៗទទួលបាន ៖ អង្ករ ៥០០គីឡូក្រាម ម៉ាស់ ២កេស និងភេសជ្ជៈ ១០០កេស ៕ ដោយ / គ្រី សម្បត្តិ