សាលារៀនរដ្ឋ និងឯកជនជាង ៩០% ក្នុងខេត្ត កំពង់ស្ពឺ នឹងត្រូវបើកឱ្យដំណើរការឡើង វិញ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ
សាលារៀនរដ្ឋ និងឯកជន នៅក្នុងតំបន់ដែលគ្មានហានិភ័យ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ប្រមាណជិត ៤០០សាលា នឹងត្រូវបើកឱ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពីសភាព ការណ៍ នៃការឆ្លងរីករាល ជំងឺកូវីដ-១៩ មានការថយចុះច្រើន និងបន្ទាប់ពីសិស្សានុសិស្សអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការបានរួចរាល់។
លោក ថន ថារិន ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ថា យោងតាមការណែនាំរបស់ក្រសួងអប់រំ និងដោយពិនិត្យឃើញពីស្ថានភាពជំងឺកូវីដ-១៩មានការថយចុះ សាលារៀនជាង ៩០ភាគរយ ត្រូវសម្រេចបើកទ្វារឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ តែត្រូវអនុឡោម ទៅតាមការណែនាំរបស់ក្រសួងអប់រំ និងស្តង់ដារក្រសួងសុខាភិបាល។ សាលាដែលនឹងត្រូវបើកឡើងវិញមានចំនួន ៣៩៩សាលា ដែលស្ថិតក្នុង តំបន់គ្មានហានិភ័យ ក្នុងនោះមានវិទ្យាល័យចំនួន ២១ អនុវិទ្យាល័យចំនួន ៦៩ និងបឋមសិក្សាចំនួន ៣០៩។ ដោយឡែកចំពោះវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាមួយចំនួនផ្សេងទៀតដែល កំពុងស្ថិតក្នុងតំបន់ប្រឈមមានហានិភ័យខ្ពស់ មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរនោះទេ។
លោក ថន ថារិន បានបញ្ជាក់ថា វិធីសាស្ត្រនៃការរៀន និងបង្រៀនក្នុងបរិបទកូវីដ-១៩ សិស្សមួយថ្នាក់ដែលកន្លងមកមានចំនួនពី ៤៥នាក់ ទៅ៥០នាក់ ត្រូវបានបំបែកជាបីវេនក្នុងមួយសប្តាហ៍ ដោយក្នុងមួយវេនមិនលើសពី ១៥នាក់ ទៅ ១៨នាក់ និងរៀនបានពីរថ្ងៃក្នុងមួយសប្តាហ៍។ ទន្ទឹមនឹងនេះ សិស្សត្រូវមាន អាល់កុល ឬជែលជាប់ខ្លួន ពាក់ម៉ាសជាប្រចាំក្នុងម៉ោងរៀន និងបរិភោគអាហាររួច រាល់មុនចូលសាលា ឬក៏វេចខ្ចប់តាមសម្រាប់បរិភោគក្នុងថ្នាក់ ព្រោះសាលាមិនអនុញ្ញាត ឱ្យមានការ លក់ដូរក្នុងសាលាទេ។ ម្យ៉ាងវិញទៀត ស្របពេលដែលមានការបើកដំណើរការសាលារដ្ឋនេះដែរ សាលាឯកជនមួយចំនួនដែលស្ថិតក្នុង តំបន់គ្មាន ហានិភ័យ ឬស្ថិតក្នុងតំបន់គ្មានការប្រឈមក៏បានរៀបចំ និងត្រៀមចាប់ដំណើរជាមួយគ្នាផងដែរ៕ ម៉ុនសំអាត