រដ្ឋបាលខេត្តសៀមរាប ប្រគល់សម្ភារៈប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវិដ១៩ ជូនដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត
សម្ភារៈរួមមាន៖ ម៉ាស់,ស្រោមដៃ និងអាល់កុល ត្រូវបានរដ្ឋបាលខេត្តសៀមរាប ប្រគល់ជូនដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ក្រោមវត្តមានឯកឧត្តម ពិន ប្រាកដ អភិបាលរង កាលពីព្រឹកថ្ងៃទី១៧ កញ្ញា នៅសាលាខេត្តសៀមរាប ។
ឯកឧត្តម ពិន ប្រាកដ បានឲ្យដឹងថា យោងតាមសំណើស្នើសុំរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប សម្ភារៈអនាម័យ ប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ ជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ ក្នុងអំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នៅតាមមូលដ្ឋានឃុំ សង្កាត់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ព្រមៗគ្នា ចាប់ពីថ្ងៃទី ១២ ខែតុលា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២១ តាមការកំណត់ ក្នុងគោលបំណងរៀបចំបញ្ជី បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាឆ្នាំ២០២២ខាងមុខ ។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ន នេះរដ្ឋបាលខេត្ត បានប្រឈមយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងនៃជម្ងឺកូវិដ១៩ ដែលបានកំពុងរីករាលដាលនៅតាមសហគមន៍ សំខាន់ក្នុងក្រុងសៀមរាប ។ ម៉្យាងទៀតអំណោយជាសម្ភារៈក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺកូវិដ១៩នេះ ក៏ជាការចែករំលែករបស់រដ្ឋបាលខេត្ត ក្នុងពេលកន្លងមករដ្ឋបាលខេត្តបានទទួលអំណោយជាសម្ភារៈពី បងប្អូនសប្បុរសជន ក៏ត្រូវបានរដ្ឋបាលខេត្ត ធ្វើការបែងចែកជូនទៅតាមមណ្ឌលចត្តាឡីស័ក និង ក្រុង ស្រុកផងដែរ ។ ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមចុះឈ្មោះបោះឆ្នោត គ្រប់ឃុំ សង្កាត់ ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនវិធានការរបស់ប្រមុខរាជរដ្ឋា ភិបាល ៣កុំ ៣ការពារ និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ ទោះបីបងប្អូនបានចាក់វ៉ាក់សាំងគ្រប់ ដូសក៏ពិតមែន ក៏ត្រូវបន្តអនុវត្តវិធានការទាំងនេះគ្រប់វិនាទី ពីព្រោះថា កូវិដមិនរើសអើងបុគ្គលណាម្នាក់ឡើយ ឲ្យតែយើង មានការធ្វេសប្រហែសនោះ ។
ក្នុងនោះដែរលោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្ត ក៏បានធ្វើការថ្លែងអំណរគុណ ដល់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រីរាជការ និង សប្បុរសជន ដែលបានផ្តល់ជាសម្ភារៈអនាម័យប្រយុទ្ធប្រឆាំងជម្ងឺកូវិដ ជូនដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ដើមី្បធ្វើការបែងចែកជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និង ក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការការពារ និង ទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ ក្នុងអំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ នៅតាមមូលដ្ឋានឃុំ សង្កាត់ទូទាំងខេត្តសៀមរាប ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប