អាជ្ញាធរខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀស ត្រង់ចំណុចផែត្រី បន្ទាប់ពីរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា «តំបន់ក្រហម»

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប ៖ អាជ្ញាធរខេត្ត បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែត្រី សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា «តំបន់ក្រហម» ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវិដ.១៩ ជាបន្តបន្ទាប់។ ក្នុងការចុះត្រួតពិនិត្យនោះ ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានអំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ជាពិសេសត្រូវនៅក្នុងផ្ទះបើមិនចាំបាច់កុំចេញក្រៅ និងដាច់ខាតត្រូវតែពាក់ម៉ាស់ រក្សាគម្លាត លាងដៃ និងអាកុល ឬជែល ឱ្យបានត្រឹមត្រូវ អនុវត្តឲ្យបានម៉ឺងម៉ាត់តាមសេចក្ដីណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប ដើម្បីកាត់ផ្ដាច់នូវការចម្លងជម្ងឺកូវីដ-១៩ បានឆាប់រហ័ស។ រដ្ឋបាលខេត្ត បានសម្រេចកំណត់ជា «តំបន់ក្រហម» នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ១សប្ដាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតមានការចេញសេចក្តីសម្រេចជាថ្ មី។

លោក បានបន្តថា អាជ្ញាធរខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ និងអ្នកចម្លងជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺភាគច្រើនកើតចេញពីការមិនគោរពនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តជាដើម ។ អាជ្ញាធរខេត្តមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ ការដាក់ជាតំបន់ក្រហមនៅក្នុងក្រុងសៀមរាបនេះ ដោយមូលហេតុថា បងប្អូនប្រជាពលរដ្ឋមួយចំនួនមិនបានសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររសប់ខ្លួន ដែលជាហេតុនាំមេរោគចម្លងបន្តទៅដល់អ្នកដទៃ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ដែលបានដាក់ចេញនៅវិធានការនានាកន្លងមក ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner