អភិបាលខេត្តកំពង់ចាម អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌ ទូទាំខេត្តកំពង់ចាម ថ្លែងទៅកាន់មាតាបិតា អាណាព្យាបាល និងក្មួយៗ ថា «ក្តីសង្ឃឹមរបស់កុមារ និងយុវ័យ គឺការទទួលបានវ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ដើម្បី មានឱកាស បានចូលសាលារៀនវិញ» ។ ឯកឧត្ដមអភិបាលខេត្ត ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្ត នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ។ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តក៏បាន អញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ទៀតថា ជាការពិត និងមានភ័ព្វសំណាងណាស់ ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកទុកដាក់គិតគូរ ចំពោះ សុខភាពប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេស គឺអនាគតរបស់ក្មួយៗ ដែលខកខានការសិក្សារៀនសូត្រ ដោយសារតែប្រទេសជាតិ ជួបវិបត្តិជម្ងឺកូវីដ១៩ ។

ឯកឧត្ដមបន្តថា យុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នាពេលនេះ សបញ្ជាក់អំពី ការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា មកលើចៅៗ កុមារ ដើម្បីជម្រុញឱ្យមានការបើកសាលាបឋមសិក្សាឡើងវិញ នាពេលខាងមុខ ខណៈពេលដែល កុមារ អាយុចាប់ពី ១២ឆ្នាំ រហូតដល់ ១៨ឆ្នាំ បាននិងកំពុងតែបន្តចាក់វ៉ាក់សាំងដូសបន្ត ហើយឈានទៅដល់ការបើកសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ឡើងវិញ ផងដែរ ។ ម្យ៉ាងទៀត រដ្ឋបាលខេត្ត ក៏គ្រោងនឹងបើកឲ្យសិស្សថ្នាក់បឋម ចូលរៀនវិញនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខាងមុខផងដែរ ។ ដូច្នេះ យុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ ចាប់ពីអាយុ ០៦ ដល់ក្រោម ១២ឆ្នាំ នាពេលនេះ វានឹងអាចបន្ស៊ីទៅនឹងផែនការ បើកឲ្យដំណើរការចូលរៀនឡើងវិញ នៅថ្នាក់កម្រិតបឋម ហើយក្មួយៗ ក៏អាចនឹងឈានចាក់វ៉ាក់សាំងម្ជុលទី២ និងទទួលបានភាពសាំនៅក្នុងខ្លួន ដើម្បី ការពារការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ផងដែរ ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តអភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល និងកុមារ ដែលបានទទួលការចាក់វ៉ាក់សាំង រួចហើយ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបន្តអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ពិសេស ការអនុវត្តវិធានសុខាភិបាល «៣កុំ និង ៣ការពារ» ដើម្បី ជៀសផុតពីជម្ងឺដ៏កាចសាហាវមួយនេះ ទាំងអស់គ្នា ។

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ដល់កុមារអាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១០៦.៥០១នាក់ ក្នុងនោះ រដ្ឋបាលខេត្តកំពង់ចាម បានរៀចំទីតាំងចាក់ នៅតាមបណ្តាក្រុង-ស្រុក ចំនួន ២៨កន្លែងនោះ ។
សូមរំលឹកថា មកដល់បច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ចាម សម្រេចចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួន ៥៧៩.៩៥២នាក់ ស្មើ ៨២,៦៥% និងកុមារមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ១០៧.៦៩៦នាក់ ស្មើ ៩៧,៥៦% ។

ក្នុងថ្ងៃដដែល ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរដោយក្រុមការងារ ក៏បានអញ្ជើញពិនិត្យអាគារ សម្រាប់រៀបចំម៉ាស៊ីនផលិតអុកស៊ីសែន ដែលមានទីតាំង ស្ថិតនៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម សម្រាប់បម្រើឱ្យការព្យាបាលជម្ងឺកូវីដ ១៩ ផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner