ឯកឧត្តមតាន់ ផាន់ណារ៉ា ដឹកនាំក្រុមការងារបើកយុទ្ធនាការចុះចាក់វ៉ាក់ សាំងការពារជំងឺដុំពកលើស្បែកសត្វគោនិងក្របី ចំនួន ៣០០ក្បាលជូនប្រជាពលរដ្ឋនៅក្នុងឃុំសែប ស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមនិងប្រធានក្រុមការងារជាតិថ្នាក់កណ្ដាលចុះជួយ
ឃុំសែប លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងក្រុមការងារថ្នាក់ជាតិចុះជួយឃុំសែប នៅព្រឹកថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១ បានដឹកនាំមន្ត្រីក្នុងក្រុមការងារនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង ចុះចាក់វ៉ាក់សាំងបង្កានិងការពារជំងឺដុំពកលើស្បែកសត្វគោ និងក្របី នៅក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ។

ឯកឧត្តម តាន់ ផាន់ណារ៉ា បានសំណេះសំណាលជាមួយប្រជាពលរដ្ឋថា ជំងឺដុំពកលើស្បែកសត្វគោ និងក្របី គឺជាជំងឺទើបនិងកើតថ្មីក្នុងឆ្នាំនេះ ដែលរាលដាលឆ្លងមកពីប្រទេសថៃ និងប្រទេសវៀតណាម ។

មកដល់ពេលនេះនៅ ក្នុងប្រទេសកម្ពុជាយើងទាំង ២៥ខេ ត្ត រាជធានី គឺកើតមានជំងឺនេះលើសត្វគោក្របីជាច្រើន ។

ចំពោះវិធីព្យាបាលជំងឺដុំពកលើស្បែក មានតែការចាក់វ៉ាក់សាំងនេះទេ ដែល វាមានប្រសិទ្ធភាពបង្ការ និងការពារជំងឺនេះបានរហូតដល់រយៈពេល ៣ឆ្នាំ ជាមួយគ្នានេះដែរ នៅពេលសត្វគោក្របីកើតជំងឺនេះ បងប្អូនត្រូវលាងទឹកសត្វនឹងសាប៊ូឲ្យបានស្អាតហើយយកថ្នាំទឹកពណ៌ខៀវ ដែលចែកជូននេះទៅលាបលើដុំពកទាំងនោះទៅវានិងឆាប់ជាសះស្បើយ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងនៅគ្រប់មូលដ្ឋាន សូមយកសត្វគោក្របីមកចាក់វ៉ាក់សាំងនេះឲ្យបានទាំងអស់គ្នា ហើយសូមកុំជឿតាមបណ្ដាញសង្គមដែលផ្សព្វផ្សាយថា យកទឹកដូងនិងស្លឹកមន មកបុកឲ្យគោផឹកនោះអាចជាសះស្បើយជំងឺដុំពកលើស្បែកនេះ គឺជារឿងមិនពិតនោះឡើយ ។

នៅក្នុងពិធីនេះ លោក ងិនហ៊ុន ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំង មានសត្វគោនិងក្របីសរុបជាង ២០ម៉ឺនក្បាល ក្នុងនោះក្របីមានចំនួនជាង ២ម៉ឺនក្បាល ដោយឡែកចំពោះជំងឺដុំពកលើស្បែកថ្មីនេះ ខេត្តកំពង់ឆ្នាំងមានសត្វគោ និងក្របីចំនួនជាង ៤ ពាន់ក្បាលកើតជំងឺនេះក្នុងនោះមានភាគច្រើនជាកូនគោចំនួន ៣៣ក្បាលបានឈឺងាប់ ។

ប៉ុន្តែក្រោយពីយើងបានបើកយុទ្ធនាការចាក់វ៉ាក់សាំងនេះជាបន្តបន្ទាប់ក្នុងរយៈពេល ៣ខែកន្លងមកនេះ ជាលទ្ធផល គឺសត្វគោ ក្របីជាង ២ពាន់ក្បាលបានជាសះស្បើយ និងជាង ១ពាន់ក្បាលទៀតកំពុងធ្វើការព្យាបាល ។

នៅក្នុងយុទ្ធនាការនេះ ឯកឧត្តម តាន់ ផាន់ណារ៉ា និងក្រុមការងារក៏បានចែកសម្ភារៈ និងវ៉ាក់សាំងជូនមន្ត្រីពេទ្យសត្វឃុំ និងភូមិ ធ្វើការចាក់វ៉ាក់សាំង ដល់សត្វគោរបស់ប្រជាពលរដ្ឋចំនួន ៣០០ ក្បាលនៅក្នុង ភូមិដូនទយ បានរួចរាល់ និងបានចែកជូននូវថ្នាំទឹកពណ៌ខៀវសម្រាប់លាបលើដុំពកស្បែកសត្វគោក្របី ជូនប្រជាពលរដ្ឋក្នុងម្នាក់ៗមួយដបផងដែរ ៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner