លោកជំទាវ បាន ស្រីមុំ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់គណ:កម្មាធិការរៀបចំការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត នៅទីស្នាក់ការគណបក្សខេត្ត ។

លោកជំទាវ បាន ស្រីមុំ មានសប្រសាសន៍លើកឡើងថា ៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអនុវត្តនូវគោលនយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិ តាមរយៈគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិ មានការរីចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវបានស្ថាបនាឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសការអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជំរៅពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដោយយកចិត្តទុកដាក់បំរើ និងផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍសង្គមជាតិ ។

លោកជំទាវប្រធាន បានផ្តាំផ្ញើដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត តាមផែននីមួយៗ ទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈធម៌ មានការទទួលខុសត្រូវ មានស្មារតី សាមគ្គីភាព ឯកភាព ហើយត្រូវពិនិត្យតាមដានការរស់នៅ និងយល់ដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឱ្យបានជាប់ជាប្រចាំ ហើយត្រូវបង្កើនសមត្ថភាព លទ្ធភាព សុខភាព និងប្រជាប្រិយភាព ដែលជាគោលការសំខាន់ របស់យុវជនគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានជំរុញដល់ក្រុមការងារទាំងអស់ ត្រូវបន្តរក្សានូវភាពឈ្នះ ឈ្នះ ឲ្យបានគង់វង្ស តាមរយៈការយកចិត្តទុកដាក់ខ្ពស់ លើការងារដែលខ្លួនទទួលខុសត្រូវ ជាពិសេសត្រូវអនុវត្តឱ្យបានតាមសេចក្តីសម្រេចស្តីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» ប្រកបដោយភាពជោគជ័យ ហើយជាមួយគ្នានេះដែរ ត្រូវសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ដោយលាងដៃនឹងសាប៊ូ ទឹកអាល់កុល ឬជែល ត្រូវពាក់ម៉ាសជាប់ជានិច្ចរាល់ពេលចេញទៅក្រៅ និងរក្សាគម្លាតសុវត្ថិភាពផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner