សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដឹកនាំប្រជុំដោះ​ស្រាយ​ជា​កញ្ចប់ ករណីប្រជាពលរដ្ឋសម្លាប់​ពពែតាម​ផ្ទះ

សម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាឲ្យឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំដោះស្រាយជាកញ្ចប់ ទាំងក្របខណ្ឌគោលនយោបាយច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធករណីប្រជាពលរដ្ឋសម្លាប់ពពែ នៅតាមផ្ទះរបស់ពួកគាត់។

បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះធ្វើឡើង បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានបង្ហោះវីដេអូមន្ត្រីពេទ្យសត្វខេត្តកណ្តាល ចាប់សាច់ពពែរបស់ប្រជាពលរដ្ឋដែលសម្លាប់រួច ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង។

សម្តេចតេជោ ហ៊ុន សែន បានសរសេរ Comments ក្នុង Facebook របស់យ៉ាងដូច្នេះថា «សូមឯកឧត្តម [រដ្ឋមន្ត្រីកសិកម្ម] ដឹកនាំការប្រជុំ ដើម្បីរកដំណោះស្រាយជាកញ្ចប់ ដោយត្រូវពិនិត្យមើលក្របខណ្ឌគោលនយោបាយច្បាប់ និងលខិតបទដ្ឋាននានា ដែលចាំបាច់ត្រូវកែសម្រួល ដើម្បីឲ្យស្របជាមួយសភាពការណ៍ និងផល់ប្រយោជន៍ប្រជាជន»។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ដំណាក់ការដែលយើងកំពុងស្ថិតនៅ គឺជាដំណាក់ការ  កសិ-ពាណិជ្ជកម្ម ដែលកសិករយើងមិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារប៉ុណ្ណោះទេ តែក៏ដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។ ក្នុងពេលជាមួយគ្នាក៏ត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ ជំងឺឆ្លងដែលចេញពីសត្វ ដែលធ្វើចរាចរក្នុងទីផ្សារ បញ្ហាអានាម័យ។ល។ ខ្ញុំសុំអរគុណបងប្អូនដែលចូលមកផ្តល់យោបល់ ដែលក្លាយជាធាតុចូលសម្រាប់ការកែលម្អលើរឿងនេះ»។

ករណីចាប់សាច់ពពែ ដែលប្រជាពលរដ្ឋសម្លាប់រួចនេះ ត្រូវបានរកឃើញថា កើតឡើងនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner