ហុងកុងធ្វើការបោះឆ្នោត «តែអ្នកស្នេហាជាតិ» ជាលើកដំបូង

កាល​ពី​ថ្ងៃ​អាទិត្យ ទី​ ១៩ កញ្ញា​ប្រជាជន​ហុងកុង​តិច​ជាង ៥.០០០ នាក់​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​គណៈកម្មការ​បោះឆ្នោត​ ដែល​នឹង​ជ្រើស​រើស​តែងតាំង​មេដឹកនាំ​នៃ​ទីក្រុង​នេះ និង​សមាជិក​សភា​មួយ​ចំនួន​។

គ្មាន​បេក្ខជន​បក្ស​ប្រឆាំង​ណា​មួយ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជា​លើក​ដំបូង​នេះ​ទេ បន្ទាប់​ក្រុង​ប៉េកាំង​ធ្វើ​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​បោះឆ្នោត​ទីក្រុង​នេះ ដើម្បី​ធានា​ថា​ «មាន​តែ​អ្នក​ស្នេហា​ជាតិ​» ទេ​ដែល​អាច​កាន់​អំណាច​បាន​។ បេក្ខជន​ទាំង​អស់​ត្រូវ​បាន​ពិនិត្យ​ដោយ និង​ទទួល​ការ​អនុញ្ញាត​ពី​ក្រុង​ប៉េកាំង​។

នាយក​ប្រតិបត្តិ​ទីក្រុង​ហុងកុងអ្នក​ស្រី​ខារី ឡាំ​ បាន​និយាយ​ថា​៖ «គោលបំណង​ទាំង​មូល​នៃ​ការ​កែ​លម្អ​ប្រព័ន្ធ​បោះឆ្នោត គឺ​ដើម្បី​ធានា​ថា​អ្នក​ស្នេហា​ជាតិ​នឹង​គ្រប់គ្រង​ទីក្រុង​ហុងកុង​»​។

អ្នក​​ស្រី​បន្ត​ទៀត​ថា​៖ «ខ្ញុំ​មិន​ជឿ​ថា​រដ្ឋាភិបាល ឬ​ប្រទេស​មួយ​ផ្សេង​ទៀត​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​បោះឆ្នោត​ជា​សាធារណៈ​សម្រាប់​សភា​របស់​ប្រជាជន ដែល​មាន​បេសកកម្ម​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ ឬ​សន្តិសុខ​ជាតិ​»។

គណៈកម្មការ​បោះឆ្នោត​សមាជិក​ ១៥០០​នាក់​នេះ​ នឹង​ជ្រើសរើស​តែងតាំង​សមាជិក​សភា​ហុងកុង​ចំនួន​ ៤០ នាក់​នៅ​ខែ​ធ្នូ​នេះ​ ហើយ​នាយ​ប្រតិបត្តិ​ទីក្រុង​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ​។

កាល​ពី​ខែ​ឧសភា សភា​ប្រជាជន​ចិន​បាន​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​ប្រព័ន្ធ​បោះឆ្នោត​របស់​ទីក្រុង​ហុងកុង​ ដោយ​កាត់​បន្ថយ​សមាជិក​សភា​ហុងកុង​ជ្រើស​រើស​ដោយ​ការ​បោះឆ្នោត​ ហើយ​ដាក់​ចេញ​យន្តការ​ដើម្បី​ត្រួត​ពិនិត្យ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​។ កំណែ​ទម្រង់​ទាំង​នេះ​បាន​បំបាត់​ឥទ្ធិពល​របស់​គណបក្ស​ប្រឆាំង​។ ឥទ្ធិពល​របស់​សេដ្ឋី​ហុងកុង​នៅ​ក្នុង​គណៈកម្មការ​បោះឆ្នោត​ក៏​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ផង​ដែរ​ ប៉ុន្តែ​សេដ្ឋី​ដែល​ស្រប​នឹង​ផល​ប្រយោជន៍​របស់​ក្រុង​ប៉េកាំង​អាច​រក្សា​វត្តមាន​ពួកគេ​បាន​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner