ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា ចាត់ទុកគម្រោងបង្កើតផែរណប គឺជាយុទ្ធសាស្ត្រ និងគោលដៅ ដ៏ត្រឹមត្រូវរបស់ កំពង់ផែស្វយ័តភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាព ការដឹក ជញ្ជូនតាមផ្លូវទឹក
ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ចាត់ ទុកគម្រោងបង្កើតផែរណបមួយចំនួនទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដើម្បីធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវទឹក កាន់តែ មានប្រសិទ្ធភាព ដែលនេះ គឺជាយុទ្ធសាស្ត្រ និងគោលដៅ ដ៏ត្រឹមត្រូវរបស់កំពង់ផែស្វយ័តភ្នំពេញ ។ ការគាំទ្ររបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងនៅក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ នៃចំណត ផែនកុងតឺន័រ LM១៧ របស់កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ ដំណាក់កាលទី១ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១
មានទីតាំងស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានទុនវិនិយោគប្រមាណ ១៨,៤លានដុល្លារអាមេរិក ដោយប្រើប្រាស់ថវិកាផ្ទាល់របស់កំពង់ផែស្វយ័តភ្នំពេញ ។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា សូមគាំទ្រ១០០ភាគរយ ចំពោះសំណូមពរ របស់ឯកឧត្តម ហ៊ឺ បាវី ឲ្យមាន ការបង្កើតផែរណបមួយចំនួនទៀត សម្រាប់ជំហានទី១ គឺផែរណប TS១១ ដែលយើងត្រៀមនឹងបង្កើត នាពេលឆាប់ៗ ខាងមុខនេះ ដោយសារតែយើងព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀង សហការគ្នា រវាងកំពង់ផែស្វយ័តភ្នំពេញ និងដៃគូ ឯកជន ដើម្បីកសាងកំពង់ផែ TS១១នេះ ក្រោយមកមានកំពង់ផែរណបផ្សេងៗទៀត យើងត្រូវតែជំរុញសហការគ្នា ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ឬសហការជាមួយឯកជន ដើម្បីបង្កើតផែនរណបឲ្យបានច្រើន ទើបការដឹកជញ្ជូនតាម ផ្លូវទឹក មានប្រសិទ្ធភាព ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា បើមានតែកំពង់ផែស្វយ័តតែមួយនៅភ្នំពេញនេះ គ្មានផែរណប ក៏យើងមិនអាចដឹក ទំនិញ កសិផល សមិទ្ធិផលយើងនៅទូទាំងប្រទេស មកកំពង់ផែស្វយ័តភ្នំពេញបានដែរ ។ អញ្ចឹងទេ នេះជាយុទ្ធសាស្ត្រ ជាគោលដៅត្រឹមត្រូវ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលខិតខំប្រឹងប្រែងរកដៃគូសហការគ្នា មកកសាងផែរណបនេះ ។
ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺសំខាន់ ណាស់ និងបានបង្ហាញការសូមគាំទ្រ និងខិតខំប្រឹងប្រែងជំរុញ ធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនតាមផ្លូវទឹកឲ្យបានច្រើន ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ កាត់បន្ថយតម្លៃដឹកទំនិញ និងដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់។
ក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បាន ថ្លែងថា បន្ទាប់ពីសាងសង់ទីលានជំហានទី៣ ដំណាក់កាលទី១នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ កំពង់ផែស្វយ័ត ភ្នំពេញ នឹងអនុវត្តផែនការបន្ទាប់ នោះគឺការអភិវឌ្ឍគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណងកុងតឺន័រ LM17 ជំហានទី៣ ដំណាក់កាលទី២ (២០២២-២០២៣) ដោយធ្វើការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម និងការបំពាក់ RTG ចំនួន៤គ្រឿង លើផ្ទៃដីសរុប២,៧៤ហិកតា ដែលអាចបង្កើនសមត្ថភាព ១០ម៉ឺនTEUs ក្នុងមួយឆ្នាំ ដែលនាំឲ្យសមត្ថភាពផ្ទុកកុងតឺន័រ ដែលនាំឲ្យសមត្ថភាពផ្ទុកកុងតឺន័រសរុបរបស់ចំណតផែកុងតឺន័រ LM17 មានចំនួន៥០ម៉ឺន TEUs ក្នុងមួយឆ្នាំ។
ឯកឧត្តម ហ៊ឺ បាវី បានបន្ថែមថា ប្រសិនបើបរិមាណកុងតឺន័រឆ្លងកាត់ នៅតែមានកំណើនជាបន្តបន្ទាប់ ពី ១ឆ្នាំ ទៅ ១ឆ្នាំ កំពង់ផែស្វយ័តភ្នំពេញ បានត្រៀមបំរុងទុកផ្ទៃដីប្រមាណ៩ហិកតា សម្រាប់ធ្វើការអភិវឌ្ឍទីលានផ្ទុកកុងតឺន័រ ជំហានទី៤ (២០២៤-២០៣០) ដើម្បីបង្កើនសមត្ថភាពផ្ទុកកុងតឺន័រ ឲ្យបាន៤០ម៉ឺន TEUs ក្នុង១ឆ្នាំបន្ថែមទៀត ដែលនាំឲ្យសមត្ថ ភាពផ្ទុកកុងតឺន័រសរុប រហូតដល់៩០ម៉ឺន TEUs ក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០ ៕ ដោយ វណ្ណលុក