គ្រួសារចាស់ជរានិងពលរដ្ឋរងផលប៉ះពាល់ដោយសារកូវីដ១៩ចំនួន១០៦គ្រួសារក្នុងស្រុកទឹកឈូបានមកទទួលអំណោយមនុស្សធម៌កាកបាទក្រហម កម្ពុជា
កំពត ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារចាស់ជរា ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន ១០៦គ្រួសារ មកពីឃុំចំនួន ៧ ក្នុងស្រុកទឹកឈូ ពិធីនេះរៀបចំធ្វើឡើងនៅសាលាស្រុកទឹកឈូ ខេត្តកំពត ។
នាឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត នឹងជា ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយជាប់ជានិច្ច និងបានទាន់ពេលវេលា ។
ឯកឧត្តមប្រធានបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់យកអនាម័យរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង និងបានអំពាវនាវដល់ប្រជាពលរដ្ឋស្រុកឈូក ទោះបានចាក់វាក់សាំងរួចរាល់ទាំងអស់គ្នាហើយក្ដី ក៏ត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ពិសេសគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពតាមវិធាននានារបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ។ អំណោយផ្តល់ជូនពលរដ្ឋម្នាក់ៗរួមមាន អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មី ១កេស ម៉ាស់ ១ប្រអប់ និងថវិកាមួយចំនួនផងដែរ ៕ Sila Sarin