ប្រជាពលរដ្ឋជិត ១០០គ្រួសារ ដែលរស់នៅតំបន់ដាច់ស្រយាល ទទួលបានស្ពានដែកបេឡេត៍ថ្មី ដែលជាចំណងដៃរបស់ទេសរដ្ឋមន្ត្រី មាស សុភា និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ
ខេត្តព្រះវិហារ ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានដែកក្រាលឈើ ១ខ្សែ ដែលសង់ឆ្លងកាត់អូរតាណុប មានប្រវែងជាង ២០ម៉ែត្រ ដែលស្ពាននោះ បានមកពីការជួឧបត្ថម្ភគាំទ្រ ពីថ្នាក់ដឹកនាំជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការស្ថាបនារបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាថ្ងៃទី១៩កញ្ញាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិក្បាលខ្លា ហៅ (ភូមិក្រពើ៥) ឃុំត្បែង១ ស្រុកសង្គមថ្មី ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងថា ស្ពានដែកបេឡេត៍ ១ខ្សែនេះ មានប្រវែង ២៤ម៉ែត្រ និងទទឹង ៤.២ម៉ែត្រ ចាប់ដំណើរការសាងសង់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និងបានបញ្ចប់នូវការសាងសង់ជាស្ថាពរ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។ លោកថា សមិទ្ធិផលស្ពានថ្មីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួយឧបត្ថម្ភដៃស្ពាន , ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា និងអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានជួយឧបត្ថម្ភ សសរស្ពាន និងក្តាក្រាលស្ពាន ស្ថាបនាដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ។
លោក សំ លាងទ្រី បានបញ្ជាក់ទៀតថា ការស្ថាបនាស្ពាននេះ មន្ទីរមិនបានប្រើប្រាស់ថវិកាជាតិនោះទេ ហើយការធ្វើស្ពាននេះ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទៅ ពិសេស ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដែលចាំបាច់ត្រូវតែប្រើប្រាស់ស្ពាននេះផ្ទាល់តែម្តង សំដៅសម្រួលដល់ការអន្តរាគមន៍ផ្សេងៗ ក្នុងករណីមានគ្រោះធម្មជាតិជាយថាហេតុ ក៏ដូចជាទៅតាមតម្រូវការចាំបាច់នានា ប្រកបដោយប្រសិទ្ធភាព និងបានទាន់ពេលវេលា ព្រោះប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលនេះ មានជិត ១០០គ្រួសារ ដែលចាំបាច់ត្រូវតែប្រើប្រាស់ស្ពាននេះ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា នេះជាសមិទ្ធិផលស្ពានទី២ហើយនៅក្នុងស្រុកសង្គមថ្មី ដែលស្ពានទី១ សង់នៅក្នុងឃុំស្តៅ មានប្រវែង ៤៣ម៉ែត្រ បានផ្តើមចេញតាមរយៈវេទិកាសាធារណៈ ដែលឯកឧត្តម បានចុះផ្ទាល់ទៅដល់ឃុំស្តៅ ប្រជាពលរដ្ឋ និងសហគមន៍បានសំណូមពរ ហើយយើងក៏បានពុះពារគៀងគរថវិកា មធ្យោបាយ និងស្ពាននោះបានបើកឲ្យប្រើប្រាស់ នៅថ្ងៃទី១៩ កញ្ញា ២០២០ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះជីវភាពប្រជាជន និងការយកចិត្តទុកដាក់នេះ មិនត្រឹមតែអាណត្តិទី៦នេះទេ គឺសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយនេះ តាំងពីចុងទសវត្សរ៍ទី៨០មកម៉្លេះ ក្នុងការអភិវឌ្ឍន៍ និងបានផ្តល់អាទិភាពលើ ៤វិស័យ គឺ ផ្លូវ ទឹក ភ្លើង (អគ្គិសនី) និងការបណ្តុះបណ្តាលធនធានមនុស្ស និងនៅពេលនេះ រាជរដ្ឋាភិបាល បានចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្ស គឺជាអាទិភាពទី១ វិញ៕