រយៈពេល៨ខែ ឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលជាង៥ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់

ភ្នំពេញ៖ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ក្នុងតម្លៃជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ កើនឡើងតិចតួចប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។

បើតាមរបាយការណ៍ដដែលនេះ ការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២១ មានទឹកប្រាក់៥ពាន់២១លាន៨៨ម៉ឺន៩ពាន់៤៤២.៩៩ ដុល្លារ កើនជាង១៦០លានដុល្លារ ដែលស្មើនឹង ៣.៣០% ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជារួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន ចក្រភពអង់គ្លេស និងទីផ្សារផ្សេងៗមួយចំនួនទៀត។ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបញ្ជាក់ថា រយៈពេលចុងក្រោយនេះ ការបញ្ជាទិញសម្លៀកបំពាក់មានស្ថានភាពល្អប្រសើរ ដែលជំរុញដល់កំណើននាំចេញសម្លៀកបំពាក់ នៅឆ្នាំនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានថ្លែងឲ្យដឹងថា ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា បានចាប់ផ្តើមកើនឡើងខ្លាំង ដោយសារតែប្រទេសមួយចំនួនដូចប្រទេសប្រេស៊ីល បង់ក្លាដេស និងមីយ៉ាន់ម៉ា វៀតណាមជាដើម គ្មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារបាន ដែលធ្វើអ្នកបញ្ជាទិញសម្រុកមកបញ្ជាទិញពីកម្ពុជាវិញ។ ជាក់ស្តែងរោងចក្រចំនួន៤នៅកម្ពុជា ដែលបានដំណើរការផលិតម៉ាស់បានបង្វែរមកផលិតសម្លៀកបំពាក់ផងដែរ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner