រយៈពេល៨ខែ ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជិត២០លានដុល្លារ កើនឡើង ១១%

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញបានអោយដឹងថា កំពង់ផែស្វយ័តភ្នំពេញបានរកចំណូលក្រោយសវនកម្មបសរុបបានចំនួន១៩លានដុល្លារនៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ កើនឡើង ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ ហើយគិតតែក្នុងខែសីហា ចំណូលសរុបមានដល់ទៅ២,៨លានដុល្លារមានកំណើន ១៧%។

បើតាមរបាយការណ៍ខាងលើនេះ ចំណូលពីប្រតិបត្តិការផែមានចំនួន១៥,៣លានដុល្លារ ចំណូលពីអាជ្ញាធរផែ២,៤លានដុល្លារ ចំណូលពីសេវាកម្មផ្សេងៗ០,១៥៥លានដុល្លារ និងចំណូលផ្សេងៗ១,៦លានដុល្លារ។ ក្នុងឆ្នាំ២០២០កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញសម្រេចបានលទ្ធផលអាជីវកម្ម ដោយទទួលបាននូវបរិមាណកុងតឺន័រចំនួន ២៩ម៉ឺន៨៥៧ TEUs ដែលអនុវត្តបាន៩៤% បើធៀបនឹងផែនការឆ្នាំ២០២០ និងកើនឡើងចំនួន៣,៤៩% បើធៀបនឹងការអនុវត្តឆ្នាំ២០១៩។ ចំពោះលទ្ធផលហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញទទួលបាននូវប្រាក់ចំណេញចំនួន៩លាន៨៦ម៉ឺន៨៧៥ដុល្លារ ដែលអនុវត្តបាន៨៩% នៃផែនការឆ្នាំ២០២០ និងថយចុះចំនួន១៤% បើធៀបនឹងការអនុវត្តឆ្នាំ២០១៩។

នៅក្នុងឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្ត ក្នុងនោះរួមមានការងារពង្រីកចំណត​ផែកុង​តឺន័រLM១៧ជំហានទី៣ ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រឱ្យបានដល់ចំនួន៥០ម៉ឺនTEUsក្នុងមួយឆ្នាំ ការបង្កើតចំណតផែរណបនៅទីតាំងគីឡូម៉ែត្រលេខ៦ ចំណតផែទន្លេបិទ UM២ ចំណតផែកោះរកា និងការធ្វើទំនើបកម្មចំណតផែពហុបំណង TS៣ ដើម្បីឱ្យក្លាយទៅជាចំណត​ផែទេសចរណ៍អន្តរជាតិTS៣ ព្រមទាំងការងារបំពាក់ឧបករណ៍ និងប្រព័ន្ធព័ត៌មានវិទ្យា ក៏ដូចជាការកែសម្រួលតម្លៃអនុគ្រោះលើសេវាកម្មមួយចំនួន ដើម្បីទាក់ទាញអតិថិជនឱ្យមកប្រើសេវាកំពង់ផែបន្ថែមទៀត៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner