បារាំង៖ លោក ម៉ាក្រុង និងលោក បៃដិន នឹងពិភាក្សាគ្នាតាមទូរស័ព្ទឆាប់ៗនេះ ចំពេលមានជម្លោះជុំវិញកិច្ចព្រមព្រៀងទិញនាវាមុជទឹក
ប៉ារីស៖ ប្រធានាធិបតីអាមេរិក និងបារាំង នឹងជជែកគ្នាតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដែលវានឹងក្លាយជាការពិភាក្សាលើកដំបូងរបស់ពួកលោក ចាប់តាំងពីជម្លោះការទូតបានផ្ទុះឡើង ជុំវិញការសម្រេចចិត្តរបស់អូស្ត្រាលី ក្នុងការលុបចោលកិច្ចព្រមព្រៀងនាវាមុជទឹករបស់ខ្លួនជាមួយបារាំង។
អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក ហ្គាប្រ៊ីអែល អាតាល់ (Gabriel Attal) នៅថ្ងៃអាទិត្យម្សិលមិញ បានប្រកាសពីគម្រោងការសន្ទនាគ្នាតាមទូរស័ព្ទរវាងលោក ចូ បៃដិន និងលោក អេម៉ានុយអែល ម៉ាក្រុង ដោយលោក អាតាល់ បាននិយាយថា មេដឹកនាំអាមេរិកបានស្នើសុំការសន្ទនានេះ។ លោក ចូ បៃដិន នៅថ្ងៃអាទិត្យម្សិលមិញ បានស្នើឱ្យមានកិច្ចចរចាជាមួយសមភាគីបារាំងរបស់លោក គឺលោក អេម៉ានុយអែល ម៉ាក្រុង ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយដើម្បីដោះស្រាយភាពប្រេះឆា បន្ទាប់ពីមានជម្លោះលើកិច្ចព្រមព្រៀងនាវាមុជទឹក ដែលបង្កឱ្យមានភាពតានតឹងដ៏កម្ររវាងសម្ព័ន្ធមិត្ត។
គួរកត់សម្គាល់ ការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកមានតម្លៃជាង៤០ពាន់លានដុល្លារពីក្រុមហ៊ុនបារាំង ណេវ៉ាល់ គ្រុប (Naval Group) កាលពីឆ្នាំ២០១៦ ដោយភាគីអូស្ត្រាលីនេះដែរ បានកើតមានឡើងបន្ទាប់ពីអាមេរិក អង់គ្លេស និងអូស្ត្រាលី ប្រកាសបង្កើតសម្ព័ន្ធភាពយោធាត្រីភាគីថ្មីមួយដែលតាមរយៈសម្ព័ន្ធភាពនេះ អាមេរិក និងអូស្ត្រាលី នឹងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕ ប្រភព៖ NHK
![](https://asset.ams.com.kh/central/media/3000-21-1024x683.jpeg)
![](https://asset.ams.com.kh/central/media/fdfd-5-1024x576.jpg)