Pacquiao ប្រកាសឈរឈ្មោះធ្វើជាប្រធានាធិបតីហ្វីលីពីន សម្រាប់ការបោះឆ្នោតឆ្នាំ២០២២

លោក Manny Pacquiao ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ប្រដាល់​ដ៏​ល្បី​មួយ​រូប​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​សម្រាប់​តំណែង​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០២២។

គណបក្ស​កាន់អំណាច​ PDP-Labanបក្ខពួក​លោក Pacquiao បាន​រៀប​ចំ​សមាជ​គណបក្ស​ថ្នាក់​ជាតិ និង​ជ្រើសតាំង​លោក​ Pacquiao ធ្វើ​ជា​បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស​មួយ​នេះ។

«ខ្ញុំ​យល់​ព្រម​ទទួល​យក​ការ​ចាត់​តាំង​ ជា​បេក្ខភាព​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន។ នេះ​ជា​ពេល​ជោគជ័យ​សម្រាប់​អ្នក​ត្រូវ​គេ​ជិះជាន់។ នេះ​ជា​ពេល​ដែល​ជាតិ​ទាំង​មូល​រះ​ចេញ​ពី​ភាព​ក្រីក្រ។ នេះ​ជា​ពេលវេលា​សម្រាប់​រដ្ឋាភិបាល​ស្អាតស្អំ»។ នេះ​ជា​ការ​លើកឡើង​របស់​លោក Pacquiao នៅ​ក្នុង​សមាជ​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។ ជាមួយ​គ្នា​នេះ​ដែរ លោក Pacquiao ក៏​បញ្ចេញ​សារ​នយោបាយ​ថា មន្ត្រី​ពុករលួយ​នានា «នឹង​រក​ផ្លូវ​ចូល​គុក​នា​ពេល​ឆាប់ៗ​នេះ»។

លោក Pacquiao នៅ​មិន​ទាន់​រើស​យក​ដៃ​គូ សម្រាប់​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខភាព​អនុប្រធានាធិបតី​នៅ​ឡើយ​ទេ។

យ៉ាងណាមិញ ក្នុង​គណបក្ស​ដដែល តែ​បក្ខពួក​លោក​ប្រធានាធិបតី​ Rodrigo Duterte បាន​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​លោក Bong Go ធ្វើ​ជា​បេក្ខភាព​ប្រធានាធិបតី​ ចំណែក​ឯ​លោក Duterte ខ្លួន​លោក​ផ្ទាល់​យល់​ព្រម​ធ្វើ​ជា​អនុ​ប្រធានាធិបតី។ លោក Bong Go ក្រោយ​មក​ក៏​បដិសេធ​នឹង​ការ​ជ្រើសតាំង​នេះ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ហ្វីលីពីន Rappler ភាព​ចម្រូងចម្រាស​នៅ​ក្នុង​គណបក្ស​នេះ​ នឹង​ត្រូវ​សម្រេច​ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ហ្វីលីពីន៕

ប្រភព៖ Rappler

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner