គណបក្សគាំទ្រលោកពូទីនឈ្នះសំឡេងភាគច្រើនក្នុងការបោះឆ្នោត បើទោះបីជាការគាំទ្រធ្លាក់ចុះ

បើ​តាម​លទ្ធផល​បឋម​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២០ កញ្ញា គណបក្ស​រួបរួម​រុស្សី ដែល​គាំទ្រ​លោក​ប្រធានាធិបតី​វ្លាឌីមៀរ ពូទីន​ បាន​រក្សា​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​រុស្សី​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​រយៈ​ពេល​បី​ថ្ងៃ​ និង​ការ​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង​ ប៉ុន្តែ​មាន​ការ​ធ្លាក់​ចុះ​ការ​គាំទ្រ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​បោះឆ្នោត​អាណត្តិ​​មុន​។

លទ្ធផល​បឋម​ចុះ​ផ្សាយ​ដោយ​គណៈ​កម្មការ​រៀប​ចំ​ការ​បោះឆ្នោត​រុស្សី ​គណបក្ស​រួបរួម​រុស្សី​ទទួល​ សន្លឹក​ឆ្នោត ៤៦,១១ ភាគរយ​ តាម​ពី​ក្រោយ​ដោយ​គណបក្ស​កុម្មុយនិស្ត​រុស្សី​ជា​មួយ​នឹង​ ២១,៤ ភាគរយ​។ កាល​ពី​ការ​បោះឆ្នោត​សភា​ឆ្នាំ​ ២០១៦ គណបក្ស​រួបរួម​រុស្សី​បាន​ទទួល​សន្លឹក​ឆ្នោត​ជាង​ ៥៤ ភាគរយ​ ខណៈ​ពេល​ដែល​បក្ស​កុម្មុយនិស្ត​ទទួល​បាន​ត្រឹម​តែ​ ១៣ ភាគរយ​ប៉ុណ្ណោះ​។ ការ​ធ្លាក់​ចុះ​នេះ​គឺ​ស្រប​នឹង​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​មុន​ការ​បោះឆ្នោត​របស់​ភ្នាក់ងារ​ស្ទង់​មតិ​របស់​រដ្ឋ​រុស្សី​។

អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា​ការ​ធ្លាក់​ចុះ ​បាន​គឺ​បង្ក​ដោយ​សារ​ភាព​អាប់អន់​ចិត្ត​របស់​អ្នក​គាំទ្រ​វ័យ​ក្មេង​ជុំវិញ​ការ​ធ្លាក់​ចុះ​នៃ​ស្តង់ដារ​រស់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ រួម​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ពី​បក្ស​ប្រឆាំង​អំពី​អំពើ​ពុករលួយ​។

ចលនា​ប្រឆាំង​របស់​លោក​អាឡិចស៊ី ណាវ៉ាលនី​បាន​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ដោយ​យុទ្ធសាស្ត្រ​ ដោយ​ជំរុញ​ការ​បោះឆ្នោត​លើ​បេក្ខជន​ដែល​ទំនង​នឹង​អាច​យក​ឈ្នះ​លើ​បេក្ខជន​បក្ស​រួបរួម​រុស្សី បើ​ទោះ​បី​ជា​ពួកគេ​មិន​គាំទ្រ​ក៏​ដោយ​ ដើម្បី​បង្ក​ផល​ប៉ះពាល់​ដល់​ចំនួន​សន្លឹក​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​។ ភាគ​ច្រើន​ពួកគេ​បាន​ជំរុញ​ឱ្យ​អ្នក​គាំទ្រ​បិទ​ច្រមុះ​ហើយ​បោះឆ្នោត​គាំទ្រ​បក្ស​កុម្មុយនិស្ត​។

គណនី​បណ្ដាញ​សង្គម​របស់​លោក​ណាវ៉ាលនី​បាន​បញ្ជូន​សារ​ទៅ​អ្នក​គាំទ្រ​ថា​៖ «ប្រសិន​បើ​គណបក្ស​រួបរួម​រុស្សី​អាច​ឈ្នះ ប្រទេស​របស់​យើង​អាច​រំពឹង​ថា​នឹង​មាន​ភាព​ក្រីក្រ ៥ ឆ្នាំ​ទៀត​ការ​គាប​សង្កត់ ៥ ឆ្នាំ​និង ៥ ឆ្នាំ​ដែល​បាត់​បង់​»​។

សម្ព័ន្ធមិត្ត​របស់​លោក​ណាវ៉ាលនី​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ បន្ទាប់​ពី​ចលនា​ប្រឆាំង​របស់​លោក​ត្រូវ​បាន​រំសាយ​កាល​ពី​ខែ​មិថុនា​ក្រោម​ការ​ចោទ​ប្រកាន់​ថា​ជា​ក្រុម​ជ្រុល​និយម​។ បេក្ខជន​ប្រឆាំង​ផ្សេង​ទៀត​បាន​និយាយ​ថា​ពួកគេ​ជា​ជន​រង​គ្រោះ​នៃ​យុទ្ធនាការ​ល្បិច​កខ្វក់​ ឬ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រកួត​ប្រជែង​។

វិមាន​ក្រឹមឡាំង​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​អំពី​ការ​បង្ក្រាប​អ្នក​ប្រឆាំង​ ហើយ​និយាយ​ថា​បុគ្គល​ទាំង​នេះ​គឺ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​ព្រោះ​ពួកគេ​បាន​រំលោភ​ច្បាប់​។ រដ្ឋាភិបាល​បាន​និយាយ​ពួកគេ​មិន​មាន​លូកដៃ​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​ចុះ​ឈ្មោះ​បេក្ខជន​ទេ​។

យ៉ាង​ណា​មិញ​ លទ្ធផល​នេះ​ហាក់​បី​ដូច​ជា​មិន​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នយោបាយ​រុស្សី​ធំ​ដុំ​ឡើយ​ដោយ​លោក​ពូទីន​ ដែល​បាន​កាន់​អំណាច​តាំង​ពី​ឆ្នាំ ១៩៩៩ នៅ​តែ​មាន​ឥទ្ធិពល​ដ៏​ធំ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤ ។ លោក​ពូទីន​មិន​ទាន់​និយាយ​ថា​តើ​លោក​នឹង​ឈរ​ឈ្មោះ​នៅ​ឆ្នាំ ២០២៤ ដែរ​ ឬ​ទេ​។

បើ​ទោះ​បី​ជា​មាន​ការ​ធ្លាក់​ចុះ​ការ​គាំទ្រ​ក្នុង​ចំណោម​ប្រជាជន​វ័យ​ក្មេង​ក៏​ដោយ​ ក៏​គោលនយោបាយ​ការបរទេស​ដ៏​រឹង​មាំ​ប្រឆាំង​លោក​ខាង​លិច​របស់​លោក​ពូទីន​ នៅ​តែ​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាជន​រុស្សី​ភាគ​ច្រើន​។

ក្នុង​ពិធី​ជួបជុំ​អបអរ​សាទរ​នៅ​ទី​ស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​រួបរួម​រុស្សី​អភិបាល​ក្រុង​រុស្សី​លោក​សឺហ្គី សូបាយ៉ានីន​បាន​ស្រែក​ថា​៖ «ពូទីន! ពូទីន! ពូទីន!» ដែល​ការ​ស្រែក​នេះ​ត្រូវ​បាន​បន្ទរ​ដោយ​ក្រុម​គាំទ្រ​ប្រមូល​ផ្ដុំ​នៅ​ទី​នោះ​។ បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ ២០១៦ គណបក្ស​រួបរួម​រុស្សី​បាន​គ្រប់គ្រង​ជិត​បី​ភាគ​បួន​នៃ​អាសនៈ​ ៤៥០ របស់​សភា​រុស្សី​។ ឧត្ដមភាព​នេះ​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុញ្ញាត​ឱ្យ​លោក​ពូទីន​កាន់​អំណាច​បន្ត​ទៀត​ អាច​រហូត​ដល់​ឆ្នាំ​ ២០៣៦​៕

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner