ឥណ្ឌូនេស៊ីសម្លាប់មេក្រុមភេរវកម្មមួយ ចោទថាជាប់ពាក់ព័ន្ធនឹងក្រុម ISIS នៅតំបន់ឆ្ងាយមួយ
កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ីបានអះអាងថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមជ្រុលនិយមឥស្លាមមួយ ដែលមានឈ្មោះថា ក្រុមមូចាហ៊ីឌីនឥណ្ឌូនេស៊ីខាងកើត (MIT) ដែលមានទំនាក់ទំនងជាមួយនឹងក្រុមភេរវកម្ម ISIS ដែលជាក្រុមមានមូលដ្ឋាននៅតំបន់មជ្ឈិមបូព៌ា។
កងកម្លាំងចម្រុះរួមគ្នារវាងយោធា និងប៉ូលិសបានសម្លាប់មេក្រុម MIT លោក Ali Kalora ត្រូវបានសម្លាប់នៅភាគខាងកើតកោះស៊ូឡាវេស៊ី (Sulawesi) អំឡុងពេលប៉ះទង្គិចគ្នារវាងក្រុមកម្លាំងសន្តិសុខ និងក្រុមភេរវកម្មកាលពីអធ្រាត្រថ្ងៃសៅរ៍កន្លងទៅ។ នេះបើតាមការលើកឡើងរបស់លោក Farid Makruf ប្រមុខយោធាភូមិភាគកណ្ដាលនៃកោះស៊ូឡាវេស៊ី។
ខាងប៉ូលិសក៏បានបន្ថែមថា កូនចៅរបស់លោក Kalora ម្នាក់ឈ្មោះថា Jaka Ramadhan ក៏ត្រូវបានសម្លាប់ផងដែរ ហើយខាងកងកម្លាំងកំពុងតែតាមរកសមាជិក ៤នាក់ទៀតរបស់ MIT។
Kalora បានគេចខ្លួនពីខាងសមត្ថកិច្ចអស់រយៈពេល ១០ឆ្នាំហើយ។ លោកបានឡើងកាន់ MIT បន្ទាប់ពីមេដឹកនាំក្រុមនេះគឺ Santoso ត្រូវបានសម្លាប់កាលពីឆ្នាំ២០១៦។ ក្រុម MIT បានសច្ចាចងសម្ព័ន្ធមិត្តជាមួយ ISIS កាលពីឆ្នាំ២០១៤។
កាលពីខែឧសភាកន្លងទៅ MIT បានសម្លាប់គ្រិស្តសាសនិកចំនួន ៤នាក់នៅក្នុងភូមិមួយ នៃស្រុក Poso នៃកោះស៊ូឡាវេស៊ី។ មន្ត្រីប៉ូលិសនៅតំបន់នោះមួយចំនួន ក៏ត្រូវបានសម្លាប់ដោយក្រុមនេះផងដែរ នាពេលកន្លងមក៕

ប្រភព៖ Aljazeera