ស្លាប់ ១០នាក់ និងបាត់ខ្លួន ៥ នាក់ដោយសារសាឡាងដឹកសិស្សលើសទម្ងន់ក្រឡាប់នៅចិន
មនុស្ស ១០ នាក់ស្លាប់ និង ៥ នាក់ទៀតបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរផ្ទុកលើសទម្ងន់ឆ្លងកាត់ទន្លេ Zangke ក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន ក្រឡាប់កាលពីរសៀលថ្ងៃសៅរ៍ ។ ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា អ្នកដំណើរភាគច្រើនជាសិស្ស។
យោងតាមការរាយការណ៍ សាឡាងដែលដំណើរការដោយក្រុមហ៊ុន Xiling Shipping ដឹកអ្នកដំណើរពីក្រុង Zangke យ៉ាងតិច ៤៦ នាក់មុនពេលក្រឡាប់ ខណៈដែលចំណុះរបស់សាឡាងអាចដាក់មនុស្សបានត្រឹមតែ ៤០ ប៉ុណ្ណេះ។ ក្រុមជួយសង្គ្រោះជួយសង្គ្រោះអ្នកដំណើរ ៣១ នាក់ ក្នុងនោះមាន ៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
លេខាធិការខេត្ត Guizhou លោកស្រី Shen Yiqin អំពាវនាវឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់អំពីសុវត្ថិភាពដឹកជញ្ជូនសាធារណៈនៅក្នុងខេត្ត ហើយនិយាយថា៖ «យើងត្រូវស្វែងរកមូលហេតុនៃគ្រោះថ្នាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកទទួលខុសត្រូវក្នុងករណីនេះ»។
អាកាសធាតុមិនអំណោយផលត្រូវបានគេព្យាករណ៍កាលពីចុងសប្តាហ៍សម្រាប់ខេត្ត Guizhou ដោយក្រុមអង្កេតការណ៍ខេត្តបានចេញនូវការជូនដំណឹងកាលពីថ្ងៃសុក្រ ដោយព្រមានពីភ្លៀងធ្លាក់ខ្លាំង និងហានិភ័យនៃការបាក់ដី។ បើទោះជាមិនមានការអះអាងពីមន្រ្តីណាមួយថាការក្រឡាប់សាឡាងនេះបង្កពីបញ្ហាអាកាសធាតុក្ដី នាយកដ្ឋានឧតុនិយមក្នុងតំបន់និយាយថា ព្យុះផ្គររន្ទះភ្លាមៗបានវាយប្រហារក្រុង Zangke កាលពីល្ងាចថ្ងៃសៅរ៍ក្នុងល្បឿនខ្យល់ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលប្រហែលជាអាចក្រោយពេលហេតុការណ៍កើតឡើង។

ប្រភព៖ SCMP